នាថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ខេត្តសៀមរាប ប្រជុំពិភាក្សាលើការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ ខេត្តសៀមរាប ។
ឯកឧត្តមអនុប្រធាន បានជម្រាបជូនអង្គប្រជុំពីសារៈសំខាន់នៃបឹងទន្លេសាប ពីប្រភពធនធានទឹក នៃបឹងទន្លេសាប តម្រូវការក្នុងការប្រើប្រាស់ទឹកលើគ្រប់វិស័យនៅក្នុងបឹងទន្លេសាប និងតាមបណ្តាដៃអាងស្ទឹងនៅជុំវិញបឹងទន្លេសាប ជាពិសេសតម្រូវការលើផ្នែកកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងលើកអំពីបញ្ហាប្រឈមនានាមកលើបឹងទន្លេសាបក្នុងពេលបច្ចុប្បន្ន រួមទាំងកត្តាប្រែប្រួលអាកាសធាតុផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ដោយឯកឧត្តម បានសំណូមពរឱ្យអង្គប្រជុំមានការពិភាក្សាយកមតិយោបល់ល្អៗ និងដំណោះស្រាយរួមគ្នា ។
ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានលើកឡើងអំពីទិសដៅឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជន និងតម្រូវការទឹកស្អាតប្រចាំថ្ងៃ ជាមួយនឹងប្រភពទឹក សម្រាប់យកមកផ្គត់ផ្គង់នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប គឺបានមកពីប្រភពទឹកក្រោមដី និងបារាយណ៍ ហើយក៏មិនមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ផងដែរ ។ ដោយផ្អែកលើការសិក្សា មានតែប្រភពទឹកពីបឹងទន្លេសាបតែមួយគត់ ដែលអាចធានាបាននូវនិរន្តរភាពយូរអង្វែង និងមិនបង្កឱ្យមានផលប៉ះពាល់ដល់បេតិកភណ្ឌអង្គរ ។ បច្ចុប្បន្នគុណភាពទឹក គឺមានបញ្ហាច្រើន ដែលទាមទារឱ្យមានការការពារលើប្រភពទឹកនៅទីតាំងបូមពីស្ថានីយបឹងទន្លេសាប ដែលតម្រូវឱ្យ មានការកំណត់ទំហំជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ដើម្បីធានាបាននូវការ ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ មាននិរន្តរភាព ។
អង្គប្រជុំបានសម្រេចផ្តល់លទ្ធភាពជូនរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តសៀមរាប ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ចុះសិក្សាលម្អិតលើទីតាំងការសុំកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក ស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ នៃខេត្តសៀមរាប រួចធ្វើរបាយការណ៍មកអាជ្ញាធរទន្លេសាប ដើម្បីរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យមើល និងសម្រេចម្តងទៀតនៅពេលខាងមុខ ៕