នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នា២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានបញ្ចប់បេសកកម្មការងារ ពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃចំណុចនិយាមកាក្នុងខេត្តបាត់ដំបង ចំនួន ១៧១ចំនុច ដែលបានចាប់ផ្តើមចុះអនុវត្តកិច្ចការងារពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដោយមានកិច្ចសហការចូលរួមពី អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធររដ្ឋបាលដែនដី និងជនបង្គោលអាជ្ញាធរទន្លេសាប (មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង) ។
សូមជម្រាបផងដែរថា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមការងារមន្ត្រីបច្ចេកទេសផែនទី បានបញ្ចប់សកម្មភាពចុះពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃចំណុចនិយាមកាចំនួន ១៤៦ ចំនុច នៅខេត្តពោធិ៍សាត់រួចរាល់។ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ចុះពិនិត្យការជីករណ្តៅ និងដាំបង្គោលជាបន្តបន្ទាប់ទៅតាមចំណុចនិយាមកា បានកំណត់ដៅត្រឹមត្រូវតាមទីតាំងព្រំ នៃដែនព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា តំបន់បឹងទន្លេសាប ត្រូវបានកំណត់បែងចែកជា ៣ តំបន់ :
- តំបន់១. ជាតំបន់ភូមិឋាន ដែលអនុញ្ញាតឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
- តំបន់២. ជាតំបន់ទ្រនាប់ ស្ថិតនៅចន្លោះរវាងតំបន់១ និងតំបន់៣ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល
- តំបន់៣. ជាតំបន់ព្រៃលិចទឹក ដែលត្រូវការពារ និងហាមឃាត់ដាច់ខាត ៕