នាថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជួបពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាឃុំឫស្សីក្រោក ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកមង្គលបូរី។ ស្របតាមគោលការណ៍ និងការដាក់ចេញនូវយុទ្ធសាស្ត្ររបស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការចុះជួបផ្ទាល់ជាមួយប្រជាជនរស់នៅតាមមូលដ្ឋាន ពិសេសការបង្កើតឲ្យមានមូលនិធិ ការងារមនុស្សធម៌ ការចុះជួបនិងជួយប្រជាជនទីទាល់ក្រដែលមានកូនច្រើន និងចាស់ជរា។ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយគ្រួសារចាស់ជរាដែលជួបការខ្វះខាតក្នុងជីវភាពគ្រួសារ និងបានឧបត្ថម្ភនូវថវិកាមួយចំនួនដើម្បីរួមចំណែកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។