នាថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន ដឹកនាំមន្ត្រី បច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ចុះសិក្សាពីទិន្នន័យផ្ទៃដី និងប្រភេទពូជដំណាំ នៅតាម ដងស្ទឹងសង្កែ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ការចុះសិក្សានេះ គឺមានគោលបំណងដើម្បី ប្រមូលទិន្នន័យបរិមាណផ្ទៃដីដាំដុះដំណាំ ប្រភេទពូជ បច្ចេកទេសដាំដុះ បញ្ហាសត្វល្អិត-ជំងឺបំផ្លាញ ការប្រើប្រាស់ជី-ថ្នាំពុល ប្រភពទឹកស្រោចស្រព ការប្រមូលផល បរិមាណទិន្នផល តម្លៃ និងចរន្តទីផ្សារដំណាំ ការវិភាគប្រភេទដី (Soil Texture) និងយកសំណាកដីធ្វើពិសោធន៍ (គុណភាពដី) ហើយក្នុងដំណើរការចុះសិក្សានេះ ក្រុមការងារបានជួបជាមួយអាជ្ញាធរភូមិ-ឃុំ/ស្រុក និងការធ្វើសម្ភាសន៍ជាមួយប្រជាកសិករដែលដាំដំណាំ ព្រមទាំងជីកដីដើម្បីពិនិត្យ មើលប្រភេទដី (Soil Texture) ការពិពណ៌នាអំពីប្រូហ្វីលដី និងយកសំណាកដីធ្វើពិសោធន៍។