នាថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់លើកទី១ ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ស្តីពីអ្នកពាក់ព័ន្ធនានាលើអភិបាលកិច្ចទឹកនៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។ វេទិកាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ដើម្បីជំរុញអោយមានអភិបាលកិច្ចទឹកល្អ ពីព្រោះការធ្វើបែបនេះមានសារៈសំខាន់ក្នុងការបង្កើតអោយមាននិរន្តរភាព និងការអភិវឌ្ឍន៍ដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃអាងទន្លេ។ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) កំពុងធ្វើការស្រាវជ្រាវលើគម្រោង MK20 ស្តីពីកិច្ចពិភាក្សាអំពីមនុស្ស ផ្នត់គំនិត និងលទ្ធផលនៃអភិបាលកិច្ចទន្លេមេគង្គ ហើយគម្រោងនេះរួមសហការជាមួយវិទ្យាស្ថានគោលនយោបាយទឹក នៃសាកលវិទ្យាល័យសឹង្ហបុរី វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងសាកលវិទ្យាល័យ Gothenburg នៃប្រទេសស៊ុយអ៊ែត។ ការសិក្សានេះក្នុងគោលបំណង៖ (១) ដើម្បីស្វែងរកការមូលមតិគ្នានិងការគាំទ្រលើនិយមន័យនៃអភិបាលកិច្ចល្អនៃទន្លេមេគង្គរវាងអ្នកធ្វើការសម្រេចចិត្តផ្នេកអភិបាលកិច្ចទន្លេមេគង្គ ក្នុងការជំរុញអោយមានសមភាពក្នុងការចែករំលែកផលប្រយោជន៍ និងវិធីសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីនិងទឹក និង (២) ជំរុញអោយមានការចូលរួមដោយផ្ទាល់របស់ស្ត្រីក្នុងការសម្រេចចិត្តទៅលើរឿងទឹក តាមរយៈការបណ្តុះ បណ្តាល ការពិភាក្សា ការចូលរួម ការសម្របសម្រួល និងផ្តល់ព័ត៌មានតាមបែបសិក្សាស្រាវជ្រាវ។