ថ្ងៃទី 25 ដល់ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2015 ឯកឧត្តម មាស អឿន ទីប្រឹក្សា និងមន្ត្រីបច្ចេកទេស របស់អាជ្ញាធរទន្លេសាប ចុះសិក្សាពីការប្រមូលផល និងចរន្តទីផ្សារកសិផល នៃដំណាំស្រូវប្រាំង សម្រាប់ចងក្រងជាព័ត៌មានផ្នែកដំណាំកសិកម្ម តំបន់ជុំវិញបឹងទន្លេសាប ក្នុងតំបន់ 1 និងតំបន់ 2 នៃខេត្តកំពង់ធំ ។ ការចុះសិក្សាស្រាវជ្រាវនេះ គឺមានគោលបំណងដើម្បីឲ្យដឹងពីរដូវកាល/ពេលវេលាប្រមូលផលស្រូវ វិធីសាស្ត្រនៃការប្រមូលផល បរិមាណទិន្នផលស្រូវ និងការប្រែប្រួលបរិមាណរវាងឆ្នាំកន្លងទៅ ការដឹកជញ្ជូនទិន្នផលស្រូវ តម្លៃទីផ្សារស្រូវ
បរិមាណទិន្នផលស្រូវដែលកសិករលក់ និងទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ចរន្តទីផ្សារស្រូវ និងអំពីឈ្មួញទិញស្រូវប្រាំង ។ ក្នុងដំណើរការ នេះក្រុមការងារបានជួបជាមួយអាជ្ញាធរភូមិ-ឃុំ/ស្រុក មន្ទីកសិកម្មស្រុក/ខេត្ត និងធ្វើសម្ភាសន៍ជាមួយប្រជាកសិករធ្វើស្រូវប្រដេញទឹក (ស្រូវប្រាំង) ព្រមទាំងឈ្មួញទិញស្រូវតាមតំបន់គោលដៅនីមួយៗ ដើម្បីដឹងពីតម្លៃ និងអំពី ចរន្តទីផ្សាររបស់ស្រូវប្រាំងក្នុងខេត្តកំពង់ធំ ។