ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ីអាគ្នេយ៍​

​​ចាប់ពី​ថ្ងៃទី ១៥ ដល់ទី ១៩ ខែធ្នូ ឆ្នាំ​២០១៤ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អមដំណើរ​ជាមួយ​ដោយ​លោក ណុំ សោភា​រិ​ទិ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រួមគ្នា​រវាង​កិច្ចប្រជុំ​លើក​ទី​៨ ស្តីពី​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​អ​គ្នេ​យ៍ និង​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី​យុទ្ធសាស្ត្រ​នៃ​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​ស​ម្រា​ប់​ការគ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល និង​តំបន់ការពារធម្មជាតិ ។ កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ​ត្រូវ​បានរៀបចំ​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ  UNESCO និង​ដៃគូ​អភិវឌ្ឍន៍ នៅ​សណ្ឋាគារ អប្សរា​អង្គរ (APSARA ANGKOR Hotel) ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ និង​អន្តរជាតិ មកពី​បណ្តា​ប្រទេស​នៃ​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច រួមមាន​ប្រទេស​កូរ៉េ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ម៉ុង​ហ្គោ​លី រុស្ស៊ី ឥណ្ឌា អ៊ីរ៉ង់ កា​ហ្សា​ស្តង់ ណេ​ប៉ាល់ និង​អូស្ត្រាលី​។ ។
​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ ដើម្បី​កំណត់​តម្រូវការ​នៃ​ឋបនីយ​ជីវ​មណ្ឌល កំណត់​អត្តសញ្ញាណ​តំបន់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី កំណត់​តម្លៃ​និង​អត្ថប្រយោជន៍​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច សង្គម និង​វប្បធម៌ នៅក្នុង​តំបន់​ឋបនីយ​ជីវ​មណ្ឌល សំដៅ​ប្រែក្លាយ​តំបន់​ទាំងនោះ​ឱ្យទៅជា​គោលដៅ​អេកូ​ទេសចរណ៍ និង​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន និង​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​អំពី​ឋបនីយ​ជីវ​មណ្ឌល​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាម រយៈ​ការផ្តល់​សេវាកម្ម​នៃ​ប្រព័ន្ធ​អេកូលូស៊ី​របស់​វា និង​វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹមជីវិត​ផ្សេងៗ ហើយ​ចង់​បង្ហាញថា​តើ ទេសចរណ៍ធម្មជាតិ អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ជម្រុញ និង​ផ្តល់​អំណាច​ឲ្យ​សហគមន៍​មូលដ្ឋាន​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ប្រកប ដោយ​និរន្ត​ភាព​យ៉ាងដូចម្តេច​ដែរ​។​