ការអញ្ជើញ​ចូលរួម​វេទិកាសាធារណៈ ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ខេត្តបន្ទាយមានជ័យ​

​នា​ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ដើម្បី​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ក្នុង​ពី​ធី​វេទិកាសាធារណៈ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិការ​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ គណៈកម្មការ​វត្ត សមាជិក​ក្រុមប្រឹក្សាឃុំ ភូមិ ចូលរួម​ជាច្រើន​នាក់​។ ការរៀបចំ​កម្មវិធី​វេទិកាសាធារណៈ​នេះ​គឺ​សំដៅ​ប្រមូល​ព័ត៌មាន ក្តាប់​សភាពការណ៍​ទូទៅ​របស់​ប្រជាពលរដ្ឋ ស្តាប់​ការបញ្ចេញ​មតិយោបល់ ក្តីកង្វល់ និង​ឆ្លើយតប​ទៅនឹង​សំណួរ ឬ​មាន​វិធានការ​ដោះស្រាយ​ភ្លាមៗ​លើ​បញ្ហា​ប្រឈម​ណា​ដែលមាន​លក្ខណៈ​តូចៗ សម្រាប់​បញ្ហា​ប្រឈម​ធំៗ ក្រុមការងារ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ធ្វើ​របាយកាណ៍​ជូន​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​សម្រេច​។​
​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ជំទប់​ទី ១​ឃុំ​តា​ឡំ​រួម​មក ឯកឧត្តម​ប្រធាន​អង្គប្រជុំ មានមតិ​សំណេះសំណាល និង​បាន​បង្ហាញជូន​អំពី​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ដែល​បានរៀបចំ​វេទិកាសាធារណៈ​នៅ​ឃុំ​គយ​ម៉ែង ឃុំ​បន្ទាយ​នាង ឃុំ​ភ្នំ​តូច និង​ឃុំ​ឬ​ស្សី​ក្រោក នាពេល​កន្លងមក​។ ប្រជាពលរដ្ឋ ឃុំ​តា​ឡំ បាន​លើក​បញ្ហា​មួយ​ដូចជា ផ្លូវលំ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ ដឹក​ផលិតផល និង​ពិបាក​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន សំណូមពរ​ស្តារ​ប្រព័ន្ធ​ប្រឡាយ ការរៀបចំ​គណៈកម្មកា​រ​វត្ត​ព្រះ​ស្រែ និង​ការអនុវត្ត​កម្មវិធី​សុវត្ថិភាព​ភូមិ ឃុំ ជាដើម​។