ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៤ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ ទន្លេសាប មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍មើលទីតាំងភូមិសាស្ត្រ (GPS) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធរបស់អាជ្ញាធរទន្លេសាប មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ដែលមានចំនួន ៣៥ នាក់ ។ វគ្គបណ្តុះបណ្តាល ក្នុងគោលបំណងដើម្បីទទួលបានចំណេះដឹងការប្រើប្រាស់ឧបករណ៍មើលទីតាំងភូមិសាស្ត្រ (GPS) ក្នុងពេលបំពេញភារកិច្ច និងបេសកកម្ម ជូនអង្គភាពប្រកបដោយប្រសិទ្ធិភាព និងរួមចំណែកឆ្ពោះទៅសម្រេចឲ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ។
វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើទ្បើងជា ៣ ដំណាក់កាលគឺ (១) - ផ្នែកទ្រឹស្តីជាមូលដ្ឋាន . (២) ការអនុវត្តផ្ទាល់ពីរបៀបប្រើប្រាស់ឧបករណ៍ GPS និង (៣) ពីរបៀបការបញ្ជូនទិន្នន័យពី GPS ទៅក្នុងម៉ាស៊ីន Computer ។ ជាលទ្ធផល សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត យល់ច្បាស់ពីឧបករណ៍ វិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ និងចេះពីការកំណត់ និងមើលទីតាំងភូមិសាស្ត្រច្បាស់លាស់ ។