ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះអនុវត្តការងារសិក្សា ស្រាវជ្រាវជំហានបញ្ចប់តំណាក់កាលទី១ នៅដើមរដូវវស្សា ស្តីពីប្រភពទឹក លំហូរទឹក និងលទ្ធភាពស្រោចស្រពនៃស្ថាន ភាពស្ទឹងជីក្រែង ស្ទឹងស្រែង ស្ទឹងសៀមរាប និងស្ទឹងមង្គលបុរី ចាប់ពីថ្ងៃទី 6-9 ខែតុលា ឆ្នាំ2014 ។ ការសិក្សានេះ មានគោលបំណងដើម្បីធ្វើការតាមដានពីបរិមាណធារទឹក ល្បឿនទឹកហូរ ការវាស់មុខកាត់នៃស្ទឹង ស្ថានភាពបម្រែបម្រួលរបបទឹក ព្រមទាំងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការប្រើប្រាស់ទឹកស្ទឹងនីមួយៗ និងពីលទ្ធភាពនៃការស្រោចស្រព ។ ក្រុមការងារបានផ្តោតសំខាន់ផងដែរ អំពីបញ្ហាដែលស្ទឹងមួយចំនួនមានការខ្វះខាតទឹកក្នុងរដូវវស្សានេះ និងពីផលប៉ះពាល់ដោយគ្រោះទឹកជំនន់តាមបណ្តាស្ទឹងនីមួយៗ ។
ចុងបញ្ចប់នៃការសិក្សានេះ ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិនឹងធ្វើការចងក្រងជាឯកសារគោលអំពី ស្ទឹងធំៗទាំង ១១ ជុំវិញបឹងទន្លេសាប សម្រាប់ការសិក្សាតំណាក់កាលទី១ នៅក្នុងឆ្នាំ 2014 ។ ការរៀបចំចងក្រងជា ឯកសារនេះ គឺគោលបំណងដើម្បីធ្វើការពិនិត្យលើការខ្វះចន្លោះក្នុងការសិក្សា ដើម្បីរៀបចំជាផែនការសិក្សាពេលបន្ទាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានផ្លែផ្ការ សម្រាប់ការគ្រប់ គ្រងអាងស្ទឹងទាំងអស់ជុំវិញបឹងទន្លេសាប ប្រកបដោយចីរភាព និងមាននិរន្តរភាព ។