ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣

​នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៤ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ១ បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន  និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ  និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល​នៃគណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ  ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​/​ក្រុង ទាំងអស់​ទូទាំង​ខេត្ត ។ ជា​លទ្ធផល គិត​ចាប់តាំងពី​ការចុះអនុវត្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ​រហូតមកដល់ ខែកក្កដា ឆ្នាំ​២០១៤ នេះ ឃើញថា ក្រុមការងារ​បាន​ចុះ​ជួប និង​ប្រជុំ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ បាន​ចំនួន ៥៥ លើក ដោយ​បានទទួល​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ភូមិ ឃុំ សង្កាត់​ជាច្រើន ហើយ​បាន​ដោះស្រាយ​រួចរាល់​មួយចំនួន​នៅ​ថ្នាក់ជាតិ និង​មួយចំនួន​នៅ​ថ្នាក់​ខេត្ត​។ ចំពោះ​ករណី​នៅ​សេសសល់ គឺ​បាន​នឹង​កំពុង​ពិនិត្យ​ដោះស្រាយ​បន្តបន្ទាប់ និង​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជូនជ្រាប និង​មាន​វិធាន​ការបន្ត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​វិធានការ ១០ ចំនុច​សំខាន់ៗ ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ សម្រេចបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​