ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១៣ សម្រាប់​ ​កម្មវិធី​កសាង​ផែនការអភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​

ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​សម្រាប់​កម្មវិធី​ផែនការ អភិវឌ្ឍន៍​អាង​ទន្លេ ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​អង្គភាព​សម្របសម្រួល​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១៣ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ ២០១៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​បច្ចុប្បន្នភាព​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ (Basin Development Strategy-BDS) និង​សេចក្តីព្រាង​ឯកសារ​ទស្សនទាន​នៃ​ការចែករំលែក​ផលប្រយោជន៍​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​។ កិច្ចប្រជុំ​ពិភាក្សា​ខាងលើនេះ គឺ មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ដែលជា​សមាជិក​គណៈកម្មកា​រ​ទន្លេមេគង្គ និង​បាន​លើកយក​លទ្ធផល ​ដែល​សម្រេចបាន​នាពេល​កន្លងមក​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​អាង​ទន្លេ​ឆ្នាំ ២០១១-២០១៥​។​
 ជា​លទ្ធផល អង្គប្រជុំ​ពិភាក្សា​បានធ្វើ​ការប្រៀបធៀប និង​ធ្វើ​បច្ចុប្បន្នភាព នៃ​លទ្ធផល​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ដើម្បី​ជា​មូលដ្ឋាន​ឈានទៅដល់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាង​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០ នាពេលខាងមុខ​។  កិច្ចប្រជុំ​ក៍បាន​ពិភាក្សា​ផងដែរ​អំពី ទស្សនទាន និង​នីតិវិធី​នៃ​ការចែករំលែក​ផលប្រយោជន៍​ក្នុង​តំបន់​អាង​ទន្លេមេគង្គ និង​បានកំណត់​នូវ​កិច្ចការ​ដទៃទៀត​ដែល​ក្រុមការងារ​នឹងត្រូវ​អនុវត្ត​បន្ត​។​