ក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ Mekong River Commission Secretariat (MRCs) ស្ថិតក្រោមការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ Mekong IWRM Project (M-IWRM) បានផ្តួចផ្តើមរៀបចំឡើងនូវ គម្រោងឆ្លងដែន (Transboundary project) និងគម្រោងទំនាក់ទំនងសហប្រតិបត្តិការ (Cooperation Project) ហើយដែលទទួលបានមូលនិធិគាំទ្រពីធនាគារពិភពលោក ។ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (អគារដើមត្នោត) អាជ្ញាធរទន្លេសាប ដែលជាភ្នាក់ងារអនុវត្តគម្រោង បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយបើកអនុវត្តគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់ទន្លេសាប (កម្ពុជា) និងទន្លេសុងក្លា (ថៃ) ក្រោមអធិបតីភាព ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាភ្នាក់ងារសម្របសម្រួលថ្នាក់ជាតិនៃគម្រោងឆ្លងដែន និងមានការអញ្ជើញចូលរួមពីមន្ត្រីបច្ចេកទេសមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មការទន្លេមេគង្គ ដៃគូរអភិវឌ្ឍន៍ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការជាតិ-អន្តរជាតិ ។ ជាក់ស្តែង សិក្ខាសាលានេះ គឺមានគោលបំណង ដើម្បីផ្សព្វផ្សាយពីសកម្មភាពអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះក្នុងទន្លេសាប(កម្ពុជា) និងទន្លេសុងក្លា (ថៃ) ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បានជ្រាបអំពីយន្តការនៃការអនុវត្តគម្រោង ក្នុងការចូលរួមសហការអនុវត្តទទួលបានជោគជ័យ និងឲ្យកាន់តែមានប្រសិទ្ធភាព ។