សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ស្តុក​ត្រី​

​ចាប់ពី​ថ្ងៃទី ២៩ ដល់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប ដឹកនាំ​ដោយ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ស្តុក​ត្រី ក្នុង​ទីតាំង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់ សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រុមការងារ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​ការនេសាទ​ត្រី តាមបែប​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ឧបករណ៍​មង​រាយ  មង​បង្ក្រាប អួន​អូស​ដៃ     លប​ទម្លាក់ សំណាញ់ មង​បណ្តែត អួន​ហ៊ុំ និង​ការ​អូស​លៀស​ដោយ​ប្រើ​ទូក​ម៉ាស៊ីន នៅមុន ​រដូវ​បិទ​នេសាទ និង​ការ​ចូលដល់​រដូវវស្សា​ឆ្នាំ ២០១៤ ខាងមុខ ។
​ក្នុង​សកម្មភាព​នៃ​ការចុះ​សិក្សា​នេះ ក្រុមការងារ ក៏បាន​ធ្វើការ​ពិនិត្យ ដោយ​វាស់​ប្រវែង និង​ថ្លឹង​ទម្ងន់​ត្រី​គ្រប់​ប្រភេទ ដែល​បានមកពី​ការនេសាទ និង​បាន​វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​មួយចំនួន​ដូចជា ៖ ដងស្ទឹង​សែន បឹង​-​ព្រែក តាម​មាត់​ស្ទឹង និង​បឹង​ទន្លេសាប​ស្ថិត​ក្បែរ​ឡូត៍​អភិរក្ស​បម្រុង​លេខ ២ មាត់​ព្រែ​កតា​ឳ​ក និង​ភក់ ។