ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប ចុះ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក តំបន់​៣ ខេត្តបន្ទាយមានជ័យ​

​ទទួលបាន​ការចង្អុល​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៥ ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ចំនួន ២ ស្ថិតក្រោម​ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ​លេខ ៥ នៃ​ខេត្តបន្ទាយមានជ័យ ជាប់​តំបន់​បឹង​ទន្លេសាប ។ 

​នៅក្នុង​ដំណើរ​ចុះ​បេសកកម្ម​អធិការកិច្ច​ខាងលើនេះ ត្រូវបានធ្វើ​ការបែងចែក​ក្រុមការងារ​ទទួល​មុខព្រួញ ដូចខាងក្រោម :
១. ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ទទួល​ចុះ​អធិការកិច្ច ស្រុក​ព្រះនេត្រព្រះ ឃុំ​ភ្នំ​លៀប ជាប់​តំបន់​៣ 
២. ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ទទួល​ចុះ​អធិការកិច្ច ស្រុក​ព្រះនេត្រព្រះ ឃុំ​ប្រាសាទ ជាប់​តំបន់​៣
៣. ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង ទទួល​ចុះ​អធិការកិច្ច​ស្រុក​មង្គល​បូរី ឃុំ​សំបួរ ជាប់​តំបន់​៣​។​

​សូមជម្រាបថា ៖ ការចុះ​អធិការកិច្ច​របស់​អាជ្ញា​ធរ​ទន្លេសាប បាន​ពិនិត្យ និង​រកឃើញថា សកម្មភាព​នៃ​ការចូលទៅ​បន្ត​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ និង​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ពី​សំណាក់​ជនខិលខូច ត្រូវបាន​កាត់បន្ថយ​មួ​យក​ម្រឹត គួរឱ្យកត់សំគាល់ តាមរយៈ​នៃ​យន្តការ​ការងារ​ដ៏​តឹងរឹង និង​ម៉ឺង​មាត់ ក្នុងការ​ទទួលខុសត្រូវ ចំពោះ​ការការពារ ទប់ស្កាត់ និង​ផ្សព្វផ្សាយ​ពី​កិច្ចសហការ​របស់​ក្រសួង​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន ជាពិសេស​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល និតិ​កាល​ទី​៧ នៃ​រដ្ឋសភា ។​

​ជារួម ភូមិសាស្ត្រ​រដ្ឋបាល​ដែនដី​ស្ថិតក្រោម​ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ​លេខ ៥ នៃ​ខេត្តបន្ទាយមានជ័យ មានស្រុក​ចំនួន ២ និង​ឃុំ​ចំនួន ៣ ជាប់​នឹង​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​បឹង​ទន្លេសាប ។ ផ្ទៃដី​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ជាប់​នឹង​តំបន់​បឹង​ទន្លេសាប​សរុប​រួម​ប្រមាណ ១០៨ ៤៩៧.៤១ ហ​ត ក្នុងនោះ​រួមមាន : តំបន់​១ ចំនួន ៦៩ ៦៤៤.៦៦ ហ​ត​, តំបន់​២ ចំនួន ៣០ ១២៤.៨៨ ហ​ត​, តំបន់​៣ ចំនួន ៨ ៧២៧.៨៧ ហ​ត និង​មាន​បង្គោលព្រំ​តំបន់​៣ ថ្មី​ចំនួន ៤៧ បង្គោល បាន​បោះ​រួចរាល់​៕