នាថ្ងៃទី 22-23 ខែឧសភា ឆ្នាំ 2014 ក្រុមការងារថ្នាក់ជាតិ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប រួមជាមួយនិងជំនាញការទីភ្នាក់ងារទឹកអន្តរជាតិបារាំង (France Water Agency) លោក Phillippe SENNHAUSER និង លោកស្រី Sophie LELCHATE បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការងារជាមួយនឹងគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យឡើងវិញនូវលទ្ធផលការងារដែលក្រុមការងារបានអនុវត្តនាពេលកន្លងមក និងពង្រឹងប្រសិទ្ធភាពក្រុមការងាររបស់គណៈកម្មការ ក្នុងទិសដៅលើកកម្ពស់ការអនុវត្តការងារបន្ត ។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកក្រុមការងារនៃគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែនខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងនោះ គឺមានអាជ្ញាធរថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ ដែលជាប់នឹងដងស្ទឹងសែន ។ ក្នុងដំណើរការនៃអង្គប្រជុំ ក៏បានធ្វើការពិភាក្សាជាក្រុម ដោយផ្តោតសំខាន់ លើការប្រើប្រាស់ទឹកសម្រាប់គ្រួសារ អនាម័យ សុខភាព គុណភាពទឹក ជីវចម្រុះ វិស័យកសិកម្ម កិច្ចការពារបរិស្ថាន និងចរាចរផ្លួវទឹកជាដើម ។