ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់ ជាមួយ​ក្រុមការងារ​តំណាង​អង្គការ UNESCO លើ​គម្រោង​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន (Transboundary Water Projects)

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់ ជាមួយ​តំណាង​អ្នកឯកទេស​គ្រប់គ្រង​ទឹក​មកពី​អង្គការ UNESCO ប្រចាំ​ទីក្រុង Paris និង​ភ្នំពេញ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​៖

- ចែករំលែក​ព័ត៌មាន​គម្រោង​ដែល​ត្រូវអនុវត្ត​សម្រាប់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន (Transboundary Groundwater Resources Management in the Great Mekong Subregion)
- គម្រោង​មានការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​មានដូចជា ក្រសួងបរិស្ថាន អង្គការ IUCN និង UNESCO ប្រចាំ​ទីក្រុង​ភ្នំពេញ និង​បណ្ដាល​ប្រទេស​អនុតំបន់​ទន្លេមេគង្គ​៖ កម្ពុជា វៀតណាម ឡាវ និង​ថៃ​។​

​កិច្ចប្រជុំ​បានបញ្ជាក់​អំ​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ដែលជា​ស្ថាប័ន​គោល​ទាក់ទង​លើ​ការគ្រប់គ្រង​ធនធានទឹក និង​ទឹក​ក្រោម​ដី​។ ក្រុមការងារ​តំណាង​អង្គការ UNESCO នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា ដើម្បីឱ្យ​ដំណើរការ​គម្រោង​ទទួលបាន​ជោគជ័យ​នាពេលខាងមុខ​៕