ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ទន្លេសាប ខេត្តបន្ទាយមានជ័យ​

​នា​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប តំណាង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​មុខព្រួញ​ខេត្តបន្ទាយមានជ័យ នៃ​សមាសភាព​ក្រុមការងារ​មុខព្រួញ​សម្រាប់​កិច្ចសហការ​ណ៍​ការងារ​ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចូលរួម​កិច្ចប្រជុំ​លើកដំបូង ដើម្បី​ពិភាក្សា​ក្នុង​ការត្រៀម​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី តាម​បណ្តា​ភូមិ ឃុំ ស្រុក ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ទន្លេសាប នៃ​ដែន​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប នៃ​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។  

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ :
- បាន​ណែនាំ​ពី​សេចក្តីសម្រេច​លេខ ០១៤ ដន​ស​.​សសរ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប​
- បានបញ្ជាក់​ពី​ការរៀបចំ និង​ខ្លឹមសារ នៃ​លិខិត​បង្គាប់ការ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៥ ក្រុមការងារ​ប្រតិបត្តិ​ខេត្តបន្ទាយមានជ័យ​។​

​យោងតាម​ការសម្រេច​ពី​ប្រធាន​អង្គប្រជុំ​៖
១. បានសម្រេច ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត រៀបចំ​បែងចែក​សមាស​ភាព​ក្រុមការងារ​ចុះ​អនុវត្ត ចំនួន ៧​ក្រុម តាម​ឃុំ និង​ស្រុក ដើម្បី​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី តាម​បណ្តា​ភូមិ ឃុំ និង​ស្រុក​ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ទន្លេសាប នៃ​ដែន​តំបន់​គ្រប់គ្រង របស់​អាជ្ញាធរ​ទន្លេសាប នៃ​ខេត្តបន្ទាយមានជ័យ​
២. បានធ្វើ​ការណែនាំ​ពី​ទម្រង់​កម្រង​បញ្ជី​សំណួរ សម្រាប់​កិច្ចសម្ភាសន៍​ជាមួយ​អាជ្ញាធរ​ភូមិ រៀបចំ​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តំបន់​ទន្លេសាប នៃ​ខេត្តបន្ទាយមានជ័យ​
៣. បាន​ស្នើសុំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការបោះបង្គោល​ព្រំ​តំបន់​៣ ស្របតាម​ឯកសារ​បទដ្ឋាន​គតិយុត្ត​ដែល​បាន​កាត់​ឆ្វៀល​កន្លងមក​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
៤. បានស្នើ​សុំអោយ​មានការ​ចូលរួម​កិច្ចការងារ​នេះ ពី​អាជ្ញាធរ​ដែនដី​មូលដ្ឋាន មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ចាស់ព្រឹទ្ធាចារ្យ​ភូមិ និង​មន្ត្រី​កសិកម្ម​ឃុំ ដើម្បី​ទទួលបាន​ទិន្នន័យ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ 

​ជាការ​ចូលរួម​តំណាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប បាន​គោរព​ជម្រាបជូន​ប្រធាន​អង្គប្រជុំ ពី​កិច្ចពិភាក្សា​ការងារ​នេះ និង​បានប្រគល់​ភារកិច្ច​ការងារ​ចុះ​អនុវត្ត​សហការ ជូន​ដល់​មន្ទីរ​ធនធានទឹក​ដែលជា​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប​។  តំណាង​ចូលរួម​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ធ្វើការ​សហការ​ឱ្យបាន​ជិតស្និត​ជាមួយ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បូកសរុប​ព័ត៌មាន និង​ទិន្នន័យ សម្រាប់​រៀបចំ​របាយការណ៍​ជូន​ប្រធាន​ក្រុមការងារ​មុខព្រួញ និង​គោរព​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ប្រធាន​អាជ្ញាធរ​ទន្លេសាប សម្រាប់​ជា​មូលដ្ឋាន​ព័ត៌មាន​គោល​ដើម្បី​ធ្វើការ​សម្រេចចិត្ត​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា​៖ សេចក្តីសម្រេច​លេខ ០១៤ ដន​ស​.​សសរ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប គឺ​ដើម្បី​រៀបចំ​លក្ខខណ្ឌ​ការប្រើប្រាស់​ដី​សម្រាប់​ការអភិវឌ្ឍ​តំបន់​ទន្លេសាប (​តំបន់​២ និង​តំបន់​៣) ដោយ​ផ្អែកលើ​ទិន្នន័យ​ពី​ការប្រើប្រាស់​ដី​ជាក់ស្ដែង ក្នុងស្ថានភាព​បច្ចុប្បន្ន ដូចជាៈ លក្ខណៈ​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​មុខរបរ រូបភាព​ប្រើប្រាស់​ដី ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថានភាព​សកម្មភាព​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ទន្លេសាប នៃ​ដែន​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប នៃ​ខេត្ត​ទាំង​៦​ជុំវិញ​តំបន់​បឹង​ទន្លេសាប​មាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​៕