នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងក្រុមការងារមុខព្រួញ បានចូលរួមកិច្ចប្រជុំរៀបចំផែនការអនុវត្តការងារចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី តាមបណ្តាភូមិ ឃុំ ស្រុក ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីរៀបចំលក្ខខណ្ឌការប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍតំបន់ទន្លេសាប (តំបន់២ និងតំបន់៣) ដោយផ្អែកលើទិន្នន័យពីការប្រើប្រាស់ដីជាក់ស្ដែង ក្នុងស្ថានភាពបច្ចុប្បន្ន ដូចជាៈ លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រនិងមុខរបរ រូបភាពប្រើប្រាស់ដី ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពសកម្មភាពអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ៕