ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ជួបប្រជុំ​ពិភាក្សា​ការងារ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ AFD

​នា​រសៀល​ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ ឯកឧត្ដម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​លោក​បណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការ​ផ្ទាល់​ឯកឧត្ដម​អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ជំនាញការ​ដៃគូ​អភិវឌ្ឍន៍ លោក​បណ្ឌិត Morgan MARTEAU ប្រធាន​ក្រុមប្រឹក្សា​ជួយ​កិច្ចការ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​លោក​បណ្ឌិត Phillipe GOURBESVILLE ក្រុមការងារ​ស្ថាប័ន​ជំនួយ​នៃ​វិទ្យាស្ថាន​ធនធានទឹក និង​វា​រី​សាស្ត្រ (Institute of Water Resources and Hydropower) ប្រទេស​ចិន រួមជាមួយ លោក ថ្លាង ភក្ត្រា ទទួលបន្ទុក​គម្រោង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) និង​សហការី ។ 

​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ក្នុង​គោលបំណង​ធ្វើការ​ណែនាំ អំពី​ការរៀបចំ​កម្មវិធី​វិនិយោគ ផ្តោតលើ​ភាព​ធន់​នឹង​អាកាសធាតុ និង​សន្តិសុខ​ទឹក (CRWSCIP) រួមទាំង​ការគិតគូរ​ពី​ការរៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​វិសាលភាព​នៃ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប​ឱ្យស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា ជាពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ ។ 

​នៅក្នុង​កិច្ចប្រជុំ​ខាងលើ ភាគី​ដៃគូ​អភិវឌ្ឍន៍ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​បង្ហាញ​ពី​លទ្ធផល Output ចំនួន​៣​ធំៗ​របស់​គម្រោង ដែល​នឹង​ស​ម្រ​ច​បាន ដូចជា​៖ 
១) ពង្រឹង​ការរៀបចំ​ផែនការ​ទីក្រុង​ដែល​ធន់​នឹង​អាកាសធាតុ​
២) បង្កើន​ភាព​ធន់​ទៅនឹង​ហានិភ័យ​ទឹកជំនន់​ទីក្រុង ការគ្រប់គ្រង​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ និង​អនាម័យ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​
៣) កែលម្អ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​ដែលមាន​ភាព​ធន់​នឹង​អាកាសធាតុ ។​

​ជាមួយនឹង​លទ្ធផល​ទី​១ ខាងលើ ចំណុច​សំខាន់ៗ​មានដូចជា : គម្រោង​អភិវឌ្ឍ​ផែនការ​ទីតាំង និង​ការប្រើប្រាស់​ដី​សម្រាប់​ខេត្ត និង​ទីក្រុង​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​ទន្លេសាប រួមទាំង​លទ្ធផល​ផ្សេងទៀត​រួមមាន​ការរៀបចំ និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​៕