ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​សំណើសុំ​គោលការណ៍​អនុញ្ញាត​ក្នុងការ​ស្តារ​ប្រឡាយទឹក​ចាស់​ពី​តំបន់​៣

​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​សំណើសុំ​គោលការណ៍​អនុញ្ញាត​ក្នុងការ​ស្តារ​ប្រឡាយទឹក​ចាស់​ពី​តំបន់​៣ ដើម្បី​យក​ទឹក​មក​ក្នុង​ដី​តំបន់​២ សម្រាប់​សង្គ្រោះ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២៣០​ហិកតា ស្ថិតនៅក្នុង​តំបន់​បី​មុំ ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​

​បច្ចុប្បន្ននេះ​បងប្អូន​ប្រជាពលរដ្ឋ បាន​កំពុងតែ​ធ្វើស្រែ​ប្រាំង​លើក​ទី​១ នៅក្នុង​តំបន់​តា​អុក តា​តេង ទំនេ​ក​សេក និង​តំបន់​ផ្សេងៗ​ទៀត ដែលមាន​ផ្ទៃដី​អាស្រ័យ​ផល​ប្រមាណ​ជាង ២៣០​ហិកតា ដែល​កំពុងតែ​ត្រូវការ​ទឹក​ក្នុងការ​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា​។ ប្រភពទឹក​ដែល​អាច​យកមក​ជួយសង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២៣០​ហិកតា នោះ​គឺ​ត្រូវ​ឆ្លងកាត់​តាម​ដី​តំបន់​៣ ចូលមកក្នុង​ដី​តំបន់​២ ដែលមាន​ប្រវែង​សរុប ១,០២៤​ម៉ែត្រ ដោយ​កាត់​ដី​តំបន់​២ មាន​ប្រវែង ៣៣០​ម៉ែត្រ ដែល​បាន​កាត់​ឆ្វៀល​តាម​អនុក្រឹត្យ​លេខ ២៨ អនក្រ​.​បក និង​ត្រូវ​កាត់​តាម​ដី​តំបន់​៣ ប្រវែង ៦៩៤​ម៉ែត្រ​៕