នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងអង្គពិធីបិទសន្និបាត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ និងផែនការឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ក្នុងនោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ រួមមាន ការធ្វើវិភាគមុខងាររចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប, កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចុះសិក្សាដើម្បីប្រមូលធាតុចូលក្នុងការការពារ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិបឹងទន្លេសាបប្រកបដោយនិរន្តរភាព, ការសិក្សាស្រាវជ្រាវលើធនធានធម្មជាតិ បរិស្ថាន ការធ្វើអាជីវកម្ម គុណភាពទឹក របបជលសាស្ត្រ និងសេដ្ឋកិច្ចសង្គម នៅជុំវិញតំបន់បឹងទន្លេសាប, អនុវត្តនូវការងារចំពោះមុខ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដោយធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះកំណត់និយាមកាតំបន់ ១ តំបន់២ តំបន់៣ បឹងទន្លេសាប និងបានធ្វេីការសង់បង្គោលព្រំដែនព្រៃលិចទឹក ព្រមទាំងកំណត់ផែនទីទាំងបីតំបន់ នៅតាមបណ្តាខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។
ជាកិត្តិយសដ៏ឧត្តុង្គឧត្តមនៃពិធីបិទសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសមាជិក សមាជិកាអង្គសន្និបាតជ្រាបថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ព្រមទាំងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ចំនួន ១០ចំណុច ដល់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិបឹងទន្លេសាបឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនោះអាជ្ញាធរទន្លេសាបត្រូវបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន ដោយកសាងលើកកម្ពស់មូលធនមនុស្សតាមរយ:ការពង្រឹងសមត្ថភាពបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការលើកទឹកចិត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ ហេីយក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ត្រូវបន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការពន្លឿនការចុះបញ្ជីដីផ្ទៃអាង ការទប់ស្កាត់ ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងទប់ស្កាត់ការរំលោភបំពានដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ និងបឹងបួរនៅទូទាំងប្រទេស ព្រមទាំងរៀបចំផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយនិរន្តរភាព៕