ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ប្រចាំឆ្នាំ​២០២៤ និង​លើ​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥​

​រាជធានី​ភ្នំពេញ​:  ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើ​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ថ្ងៃ​ពុធ ១៥​កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធ​ស័ក​រាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០២៥​។ ថ្លែង​ក្នុង​អង្គពិធី​បើក ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើងថា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ ព្រមទាំង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី  ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយបាន​កំណត់​យក​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។  

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ក្នុង​បរិបទ​បច្ចុប្បន្ន វិស័យ​ធនធានទឹក ពុំមែន​ជា​វិស័យ​មួយ ដែល​បម្រើ​ឱ្យតែ​ការស្រោចស្រព​ដំណាំ​កសិកម្ម​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វិស័យ​ធនធានទឹក បាននិងកំពុង​បម្រើឱ្យ​ពហុ​វិស័យ ជាអាទិ៍​កិច្ច​គាំពារ​បរិស្ថាន ឧស្សាហកម្ម ថាមពល ការដឹកជញ្ជូន ទេសចរណ៍ អភិវឌ្ឍន៍ជនបទ អាកាសចរណ៍ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​គាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។ 

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល ៥​ឆ្នាំ​(២០២៤-២០២៨) របស់​ក្រសួង​-​ស្ថាប័ន​ទាំងបី បាន​ដាក់ចេញ​យ៉ាងច្បាស់​នូវ​សកម្ម​ភាពជា​អាទិភាព សូចនាករ និង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការអនុវត្ត​សកម្មភាព និង​យន្តការ​ត្រួតពិនិត្យ​វាយតម្លៃ​ដោយ​ផ្អែកលើ​ក្របខ័ណ្ឌ​សមិទ្ធកម្ម​គន្លឹះ ហើយក៏​បានកំណត់​អំពី​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​ជំនាញ​នីមួយៗ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ ការគ្រប់គ្រង និង​ការអភិរក្ស​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព ស័​ក្កិ​សិទ្ធិ​ភាព និង​និរន្តរភាព​។  

​ពិធី​បើក​សន្និបាត​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម ឯកឧត្តម​អនុប្រធាន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី សស​យក នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​៕