ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពិនិត្យ​លើ​តារាង​ម៉ា​ទ្រិ​ច​ចង្កោម​សកម្មភាព​អាទិភាព​ការងារ​ប្រចាំឆ្នាំ​២០២៥ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​

​នា​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ដល់​ថ្ងៃ​សុក្រ ៣​កើត ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០-៣១ ខែមករា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​តារាង​ម៉ា​ទ្រិ​ច​ចង្កោម​សកម្មភាព​ការងារ​អាទិភាព របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ប្រចាំឆ្នាំ ២០២៥​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។ 

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ និង​ពិភាក្សា​ផ្តល់យោបល់​ណែនាំ​បន្ថែម​ទៅលើ​សកម្មភាព​អាទិភាព​នីមួយៗ ដែល​នាយកដ្ឋាន​បានដាក់​ស្នើឡើង​ក្នុង​តារាង​ម៉ា​ទ្រិ​ច​សម្រាប់​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ ដើម្បី​ស្នើសុំ​គោលការណ៍​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ប្រធាន ពិនិត្យ​អនុម័ត​ដាក់ឱ្យ​ដំណើរការ​អនុវត្ត​រួម ជា​ផែនការ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៥​។ 

​ក្នុងឱកាស​នេះ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម ឯកឧត្ដម​អគ្គលេខាធិកា​រ និង​ឯកឧត្តម​អគ្គលេខាធិការរង បាន​ឯកភាព​ផ្តល់ជូន​នាយកដ្ឋាន​រៀបចំ​ផែនការ​លម្អិត​នៃ​សកម្មភាព​នីមួយៗ ដោយ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពី Goal, Objective, Output and Outcome និង​តារាង​លម្អិត​ពេលវេលា​អនុវត្តន៍​(Time Frame) និង​ផ្តល់ជូន​នាយកដ្ឋាន​ត្រូវ​បន្ត​អនុវត្តន៍​ឱ្យសម្រេចបាន​នូវ​លទ្ធផល​ការងារ​កាន់តែ​ល្អប្រសើរ ទាន់ពេលវេលា ទាំង​លើ​ការអនុវត្ត​តួនាទី ភារកិច្ច​ស្នូល​របស់​នាយកដ្ឋាន និង​ការអនុវត្ត​ការងារ​ចំពោះមុខ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន ការគ្រប់គ្រង ចាត់ចែង ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​។ 

​សូមបញ្ជាក់ថា សេចក្តីព្រាង​តារាង​ម៉ា​ទ្រិ​ច​ចង្កោម​សកម្មភាព​អាទិភាព​ការងារ​ប្រចាំឆ្នាំ​២០២៥ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប មានកម្ម​វិធី​អាទិភាព​ចំនួន ១១ ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ ២០២៤-២០២៨ របស់​អាជ្ញាធរ​ទន្លេសាប ដែល​នឹងត្រូវ​អនុវត្ត​ដោយ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​៕