នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលអាជ្ញាធរទន្លេសាប ចុះជួយមូលដ្ឋានឃុំពាមបាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមវេទិកាសាធារណ: ស្ថិតនៅក្នុងបរិវេណវត្តពៅវើយ ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានជួបសំណេះសំណាលសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ អំពីកង្វល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេជ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទោង រួមជាមួយឯកឧត្តម អស់លោក លោកស្រីជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំពាមបាង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង, លោក អ៊ួច សុខា មេឃុំពាមបាង ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ ប្រធាន-អនុប្រធានភូមិ លោកគ្រូ អ្នកគ្រូ កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធមួយចំនួន សរុបចំនួន ១២៩នាក់(ស្រី៣៩នាក់) ។ វេទិកាសាធារណៈបានលើកយកប្រធានបទចំនួន ៥ មកពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ក្នុងនោះមាន៖
១- បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយស្នើសុំផ្លូវលំលិចទឹកខែវស្សា ចំនួន ១ ខ្សែ ពីវត្តពៅវើយ ទៅភ្ជាប់ឃុំម្សាក្រង
២- បញ្ហាប្រឡាយគោករីងរាក់នៅខែប្រាំង ដែលខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង ស្នើសុំជីកស្រះផ្គត់ផ្គង់ទឹកប្រើប្រាស់ខែប្រាំង ចំនួន ០១ ស្រះ ក្នុង ១ភូមិ លើភូមិចំនួន ០៥
៣- បញ្ហានេសាទ ការលួចឆក់ត្រីខុសច្បាប់
៤- បញ្ហាសិស្សបញ្ចប់ថ្នាក់បឋមសិក្សាខ្វះលទ្ធភាពរៀនបន្តនៅអនុវិទ្យាល័យ
៥- បញ្ហាក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន និងបញ្ហាផ្សេងៗទៀត ដូចជាសេវាសុខភាពសាធារណ: ការប្រើប្រាស់រថយន្តពេទ្យ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរ ប័ណ្ណក្រីក្រ អត្តសញ្ញាប័ណ្ណ និងសេវាសាធារណៈមួយចំនួនទៀត។
ក្នុងឱកាសវេទិកាសាធារណៈនេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់រដ្ឋបាលស្រុកក៏ដូចជាឃុំត្រូវបន្តការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ដោយឡែកចំពោះសំណើខាងលើ ឯកឧត្តមប្រធាន នឹងចាត់ក្រុមការងារ រួមជាមួយនឹងជំនាញពាក់ព័ន្ធចុះធ្វើការសិក្សាឱ្យបានច្បាស់លាស់៕