ទិដ្ឋភាព​ប្លែក​ទឹកទន្លេ​ពណ៌​ពីរ​ផ្សេងគ្នា បង្កើត​ការចាប់អារម្មណ៍​នៃ​ការ​ប្រសព្វ​ខ្សែទឹក​ទន្លេមេគង្គ និង​ទន្លេសាប​

​ខ្សែទឹក​ទន្លេ​ទាំងពីរ ទន្លេមេគង្គ និង​ទន្លេសាប បាន​រំលេច​ចេញ​ជា​ពីរ​ពណ៌​ផ្សេងគ្នា និង​មិន​រលាយ​ចូលគ្នា ដែល​បាន​បង្កើតជា​ផ្ទាំងទស្សនីយភាព ក៏ដូចជា​ទិដ្ឋភាព​ដ៏​ប្លែក បាន​នឹង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង នៅ​រាជធានី​ភ្នំពេញ ។ 

​បើតាម​ការស្រាវជ្រាវរ​បស់​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា ទឹកទន្លេ គឺមាន​ធាតុ​ផ្សំ និង​មាន​សារធាតុ​រលាយ​ខុសៗ​គ្នា ។ មូលហេតុ ដែល​ទឹកទន្លេ​មិន​រលាយ​ចូលគ្នា​នេះ គឺ​បណ្តាលមកពី : ទឹកទន្លេ​មាន​សីតុណ្ហភាព​មិន​ស្មើគ្នា​, ដង់ស៊ីតេ​នៃ​ទន្លេ​ទាំងពីរ​ខុសគ្នា​, ទឹកទន្លេ​មាន​លំហូរ​បញ្ច្រាសទិស​គ្នា និង​ល្បឿន​លំហូរ​ទឹក​មាន​លក្ខណៈ​លឿន ឬ​យឺត​ជាង​គ្នា ។​

----------------------

​លំហូរ​ទឹក​ពី​ទន្លេមេគង្គ​នៃ​ផ្ទៃ​អាង​ខាងលើ ត្រូវបាន​បង្វែរ​យ៉ាងខ្លាំង​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ដែល​កើតឡើង​ក្នុង​រយៈពេល​រដូវ​ខ្យល់មូសុង​ប្រាំង និង​វស្សា ។ ជាទូទៅ​កម្រិត​ទឹកទន្លេ​មេគង្គ មានការ​ប្រែប្រួល​ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា ដែល​កម្រិត​កម្ពស់​ទឹក​ទាប​កើតឡើង​ពី​ខែកុម្ភៈ ដល់​ខែមីនា និង​រដូវ​ទឹកជំនន់​កើតឡើង​ចាប់ពី​ខែមិថុនា  ដល់​ខែធ្នូ ប្រមាណ ៨៥-៩៥% នៃ​ធារទឹក​សរុប​ប្រចាំឆ្នាំ ។ ទឹកជំនន់​ប្រចាំឆ្នាំ​តែងតែ​ជន់​លិច​ផ្ទៃដី​ធំ​នៃ​ភាគខាងត្បូង​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​ផ្ទៃ​អាង​ខាងក្រោម​បឹង​ទន្លេសាប និង​ចំណុចប្រសព្វ​នៃ​ទន្លេមេគង្គ និង​ទន្លេសាប​នៅ​រាជធានី​ភ្នំពេញ ។ 

​នៅ​រដូវវស្សា (​ឧសភា​-​តុលា​) បរិមាណ​ទឹកទន្លេ​មេគង្គ​មានការ​កើនឡើង​ខ្លាំង​ដោយសារ​ភ្លៀង​ធ្លាក់ និង​ទឹកកករ​រលាយ​ពី​តំបន់​ខ្ពង់រាប​ទី​បេ ប្រទេស​ចិន ដែល​បណ្ដាលឱ្យ​ល្បឿន​លំហូរ​ទឹក​លឿន និង​ខ្លាំង នាំយក​កករ​មក​តិច ទាំង​សារធាតុសរីរាង្គ និង​អ​សរីរាង្គ បើ​ប្រៀបធៀប​ទៅនឹង​ទន្លេសាប ដែល​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​មាន​ពណ៌​ថ្លា​ជាង និង​ខៀវ​ជាង ។ ស្របគ្នា​នេះដែរ លំហូរ​ទឹក​ទន្លេសាប ហូរ​បញ្ច្រាស​ដោយសារ​ក​ម្ព​ស់​ទឹកទន្លេ​មេគង្គ​ខ្ពស់ ដែល​នាំមក​នូវ​កករ​ច្រើន​ពី​តំបន់​ទំនាប​លិច​ទឹក​ចូលក្នុង​ទន្លេសាប បង្ក​អោយ​ទឹកទន្លេ​សាប​មាន​សភាព​ល្អក់ និង​មាន​ពណ៌​ត្នោត ។ ភាពខុសគ្នា​នេះ​បង្កើត​ព្រំដែន​ធម្មជាតិ​ដែល​ធ្វើឱ្យ​ខ្សែទឹក​ទន្លេ​ទាំងពីរ​មិន​ងាយ​រលាយ​ជាមួយគ្នា​។ 

​ទន្លេសាប និង​បឹង​ទន្លេសាប ដើរតួនាទី​ជា​និយ័ត​ករ​ធម្មជាតិ នៃ​ទឹកជំនន់​របស់​អាង​ទន្លេមេគង្គ​ខាងក្រោម ដោយ​បន្ថយ​កម្រិត​អតិបរមា​នៃ​ទឹកជំនន់​នៅ​ដើមរដូវ​ទឹកជំនន់ និង​ដោយ​បង្កើន​ការហូរ​នៅ​រដូវប្រាំង ។ នៅ​រដូវ​ទឹកជំនន់​ការហូរ​ខ្លាំង​នៃ​ទឹក​នៅក្នុង​ទន្លេមេគង្គ បណ្តាលអោយមាន​ការហូ​រ​ច្រាស​ទៅ​បឹង​ទន្លេសាប ធ្វើឱ្យ​ទឹក​នៅ​បឹង​ទន្លេសាប​កើន​យ៉ាងខ្លាំង និង​ជន់​លិច​ព្រៃ​លិច​ទឹក ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ នៅ​រដូវប្រាំង​ទឹក​បឹង​ទន្លេសាប បាន​ហូរ​ចេញ​តាមរយៈ​ទន្លេសាប រួច​ហូរ​ចូលទៅ​ទន្លេមេគង្គ និង​បន្ថយ​ការហូរ​ទៅក្នុង​ទន្លេមេគង្គ​ប្រមាណ ១៦% ។​
សូម​ជម្រាប​ផងដែរ​ថា​៖ ទិដ្ឋភាព​កើតឡើង​នៅ​ប្រទេស​កម្ពុជា ក៏មាន​កើតឡើង​នៅ​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​ផងដែរ ដែល​ធ្វើអោយ​ទឹកទន្លេ​មាន​ពណ៌​ខុសគ្នា និង​មិនអាច​រលាយ​ចូលគ្នា​បាន ដូចជា​៖
- ទន្លេ Rio Negro និង Solimoes (​ប្រទេស​ប្រ​ស៊ី​ល​)
- ទន្លេ Thompson និង Fraser (​ប្រទេស​កាណាដា​)
- ទន្លេ Bhagirathi និង Alaknanda (​ប្រទេស​ឥណ្ឌា​)
- ទន្លេ Danube និង Inn (​ប្រទេស​អាល្លឺម៉ង់​)
- ទន្លេ Rhone និង Arve (​ប្រទេស​ស្វី​ស​)
- ទន្លេ Green និង Colorado (​សហរដ្ឋអាមេរិក​)៕