ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​​ស្ដីពី " គំនិត​ផ្ដួចផ្ដើម​ដើម្បី​ចីរភាព​បរិស្ថាន​ទន្លេសាប "

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អមដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​លោក វ៉ិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ  ឯកឧត្តម ចែម ផល្លា អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ រួមជាមួយ​សមាជិក និង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា ដើម្បី​ពិនិត្យ ពិភាក្សា អំពី​ឯកសារ​ទស្សនទាន​ស្ដីពី " គំនិត​ផ្ដួចផ្ដើម​ដើម្បី​ចីរភាព​បរិស្ថាន​ទន្លេសាប " ។ 

​កិច្ចប្រជុំ​ពិភាក្សា​នៃ​កម្មវិធី​ស្តីពី "​គំនិត​ផ្តួច​ផ្តើម​ដើ​ម្បី​ចីរភាព​បរិស្ថាន​ទន្លេសាប​" នេះ មាន​គោលបំណង ៖
១- ធ្វេ​ី​វុឌ្ឍិកម្ម​គុណភាព​បឹង​ទន្លេសាប​ឡើង​វិញ ដោយ​កាត់បន្ថយ​ឱ្យបាន​ច្រើ​ន​នូវ​ការបំពុល​ដោយសារ​សំណល់​(​រឹង​, រាវ​) 
២- ធ្វើវុឌ្ឍិកម្ម​អេកូ​ឡូ​ស៊ីបឹង​ទន្លេសាប​ឡើង​វិញ ដោយ​កាត់បន្ថយ​ឱ្យបាន​ច្រើន​នូវ​វត្តមាន​ប្រភេទ​រុក្ខជាតិ​ទឹក​ដែល​រាតត្បាត​នៅក្នុង​បឹង​ទន្លេសាប​
៣- ធ្វើពិពិធ​កម្ម​របរ​ចិញ្ចឹមជីវិត ដើ​ម្បី​បញ្ចូល​ការងារ មុខរបរ និង​ជំនាញ​ជំនួស​ផ្សេងទៀត 
៤- ស្តារ​ឡើង​វិញ​នូវ​តំបន់​ទំនាប​លិច​ទឹក​ដែល​រេចរឹល​ដោយ​ដាំ​រុក្ខជាតិ​ឡើង​វិញ​និង​អនុវត្ត​វិធានការ​អភិរក្ស​។ 

​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ឱ្យមាន​ការសិក្សា​រួមគ្នា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងនោះ​អាជ្ញាធរ​ទន្លេសាប ដែលជា​ស្ថាប័ន​ដឹកនាំ និង​សម្របសម្រួល​លើ​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ជាពិសេស​ធ្វេ​ី​ការសិក្សា​រួមគ្នា (Feasibility Study) ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​កសាង​ឯកសារ​ទស្សនទាន គំនិត​ផ្ដួចផ្ដើម​ដើម្បី​ចីរភាព​បរិស្ថាន​ទន្លេសាប ឱ្យ​កាន់តែ​ច្បាស់លាស់ និង​ស៊ីជម្រៅ មុន​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ជាគោលការណ៍​៕