ខេត្តពោធិ៍សាត់ : នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម វង្ស សំអុល ក្រុមប្រឹក្សាខេត្តខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធផ្ទាល់ជាមួយតំបន់បឹងទន្លេសាបទាំងក្នុងកម្រិតថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាននៃខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្នុងការធានាបាននូវប្រសិទ្ធភាពការចូលរួមអនុវត្តដល់ការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពប្រតិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយរាល់ខ្លឹមសារសំខាន់ៗបានកំណត់នៅក្នុងច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងស្មារតីសហការទទួលខុសត្រូវ ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ ។
សូមជម្រាបថា សមាសភាព ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បានរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ រួមមាន : ឯកឧត្តម លោក លោកស្រីតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន, ប្រធានក្រុមប្រឹក្សាខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ-សង្កាត់ដែលពាក់ព័ន្ធ, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការ អាជ្ញាធរទន្លេសាប៕