ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន សហការ​ជាមួយ​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន បានរៀបចំ​កិច្ចប្រជុំ​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​គ្រប់គ្រង​ធន​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ឆ្នាំ​២

​នា​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​គ្រប់គ្រង​ធន​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ឆ្នាំ​២០២៤ រួមជាមួយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ជា សុខ​នី​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ព្រឹម រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ឯកឧត្តម អ៊ុក គឹម​សាន្ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន សមាជិក សមាជិកា​នៃ​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន ព្រមទាំង​អង្គការ​ដៃគូ​របស់​គម្រោង​ស្ទឹងសែន​រួមមាន អង្គការក្រៅរដ្ឋាភិបាល​បារាំង GESCOD HAMAP GRET និង​អង្គការ​ទឹកភ្លៀង​កម្ពុជា និង​សមាគម​ទឹកស្អាត​អាង​ស្ទឹងសែន សរុប​អ្នកចូលរួម ៥៦​នាក់ (​ស្រី ១០​នាក់​)​។ 

​សន្និបាត​ប្រចាំឆ្នាំ មាន​គោលបំណង​៖
១- បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ 2024 ដោយមាន​ធ្វើ​បទ​បង្ហាញ (i) សេចក្តីរាយការណ៍​សង្ខេប​អំពី​ការសិក្សា តាមដាន​របស់​ក្រុមការងារ​ចំនួន 3 គឺ ផ្នែក​ទឹកស្អាត និង​សុខុមាលភាព​, ធនធានទឹក និង​កសិកម្ម និង​ផ្នែក​បរិស្ថាន​, (ii) វឌ្ឍនភាព​ដំណើរការ​របស់​គម្រោង ឆ្នាំ​2024 និង​សកម្មភាព​ដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ 2025-2026 
២- វឌ្ឍនភាព​របស់​គម្រោង​អភិវឌ្ឍន៍​ក្នុងការ​សាងសង់​ស្ថានីយ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​អាង​ស្ទឹងសែន​ដែលជា​ជំនួយ​ឥត​ចំណង​របស់​ទីភ្នាក់ងារ​ទឹក​បារាំង Rhin-Meuse និង Loire-Bretagne ដែល​ទទួល​អនុវត្ត​ដោយ​អង្គការក្រៅរដ្ឋាភិបាល​បារាំង និង​សមាគម​ទឹកស្អាត​អាង​ស្ទឹងសែន ព្រមទាំង​បញ្ហា​ប្រឈម 
៣- បទ​បង្ហាញ​ស្តីពី​គម្រោង​កិច្ចការពារ​តំបន់​អភិរក្ស​បរិស្ថាន និង​តំបន់​អភិរក្ស​ធនធាន​ត្រី​នៃ​ទំនប់​អាងទឹក​រក្សា​
៤- ផ្សព្វផ្សាយ និង​ប្រគល់​សៀវភៅ​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​-​លើ​អាង​ស្ទឹង​គម្រូ​ស្ទឹងសែន​-​បទពិសោធន៍​លើ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​រវាង​ភាគី​បារាំង និង​ភាគី​កម្ពុជា​រយៈពេល 10​ឆ្នាំ​
៥- ការបោះឆ្នោត​ជ្រើសរើស​សមាសភាព​ក្នុងការ​បង្កើត​ក្រុមការងារ​ទី 3 ផ្នែក​បរិស្ថាន​
៦- បោះឆ្នោត​សម្រេច​លើ​សកម្មភាព​ដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ 2025-2026៕