អាជ្ញាធរទន្លេសាប : ព្រឹកថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងជំនាញរួមមាន : ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើប្រសិទ្ធភាពនៃការកំណត់បែងចែកការគ្រប់គ្រង និងការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប រួមជាមួយទិសដៅអនុវត្តការងារបន្ត ដើម្បីជម្រុញការអនុវត្តការងារបច្ចេកទេស ក្នុងការធានាបាននូវការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព ស្របតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លាបំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
សូមជម្រាបថា បន្ទាប់ពីក្រសួងស្ថាប័នជំនាញ បានធ្វើបទបង្ហាញលក្ខណៈបច្ចេកទេស និងពិភាក្សាពិគ្រោះយោបល់ដោយយកចិត្តទុកដាក់បំផុត ។ កិច្ចប្រជុំ បានឯកភាពគ្នាចាត់តាំងមន្ត្រីបច្ចេកទេសពីក្រសួងស្ថាប័នជំនាញទាំង ៥ បន្តសហការធ្វើការរួមគ្នាក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់នូវចំណុចខ្វះខាតបែបលក្ខណៈបច្ចេកទេស និងលើកយោបល់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតំបន់បឹងទន្លេសាប ៕