ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ប្រជុំពិភាក្សាអំពី​ការ​ប្រមូល​ចងក្រង និង​រៀបចំ​បោះពុម្ព​សៀវភៅ​សមិទ្ធិផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប

អាជ្ញាធរ​ទន្លេសាប : បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្នុងការ​ប្រមូល​ចងក្រង និង​រៀបចំ​បោះពុម្ព​សៀវភៅ​សមិទ្ធិផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប អំពី​ចំនួន​ប្រភេទ​ត្រី​, បក្សី​ទឹក​, ព្រៃ​លិច​ទឹក​, ល្មូ​ន រួមជាមួយ​ជីវចម្រុះ​គ្រប់​ប្រភេទ​ដែលមាន​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៅ​ថ្ងៃ​ចន្ទ ២​កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ប្រជុំពិភាក្សា​ជាមួយ ឯកឧត្តម​សាស្ត្រាចារ្យ​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​ជំនាញ​បច្ចេកទេស ដើម្បី​ពិនិត្យ​លើ​របកគំហើញ​នៃ​ការស្រាវជ្រាវ និង​យន្តការ​បែបបទ​បច្ចេកទេស ក្នុងការ​រៀបចំ​ឱ្យ​ស្របតាម​លក្ខណៈ​វិទ្យាសាស្ត្រ​បច្ចេកទេស ដែល​អាច​ផ្សព្វផ្សាយ និង​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន សម្រាប់​ធ្វើជា​មូលដ្ឋាន​ដល់​អ្នកសិក្សា និង​អ្នកស្រាវជ្រាវ ជាពិសេស​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការ ចូលរួម​ថែរក្សា​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធាន​ទាំងអស់នេះ ប្រកបដោយ​ចីរភាព និង​និរន្តរភាព ៕