អាជ្ញាធរទន្លេសាប : បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប លើការចុះសិក្សាស្រាវជ្រាវ អំពីផលនេសាទ តាមរយៈការធ្វើអាជីវកម្មឡូត៍ដាយនៅតាមដងទន្លេសាប នារដូវបើកនេសាទ នៅថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប អមដោយអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស បានចុះតាមគន្លងដាយនីមួយៗដែលបានកំណត់ជ្រើសរើស គឺគន្លងដាយលេខ៣C. ៨H. ១១A. ១៣A. ១៤A. ១៥B. ១៥D ដើម្បីពិនិត្យមើលពីស្ថានភាពទូទៅលើការធ្វើអាជីវកម្មឡូត៍ដាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងបានចាត់ក្រុមការងារប្រចាំការរយ:ពេល ១៥ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
សូមជម្រាបថា ការសិក្សាតាមឡូត៍ដាយ និងក្រៅឡូត៍ដាយ គឺមានគោលបំណងតាមដានពីបម្រែបម្រួលទន្និផលផលនេសាទធនធានត្រី រួមទាំងទំហំ និងប្រភេទត្រីចេញពីបឹងទន្លេសាប ដែលចាប់បានដោយឡូត៍ដាយ និងការនេសាទដោយឧបករណ៍ផ្សេងទៀត ។
ជារួមការចុះសិក្សានេះ នឹងអនុវត្តន៍ ដូចខាងក្រោម :
១- តាមដានបរិមាណផលចាប់
២- តាមដានភាពសម្បូរបែប នៃប្រភេទត្រី
៣- តាមដានការកែច្នៃ និងចរន្តទីផ្សារលើផលនេសាទពីអាជីវកម្មឡូត៍ដាយ ៕