ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ បានទទួល​ជួបពិភាក្សា​ការងារ​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រតិភូ​តំណាង​ការិយាល័យ​ជលសា​ស្ត្រ នៃ​គណៈកម្មការ​ធនធានទឹក Changjaing នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

​អាជ្ញាធរ​ទន្លេសាប : រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែល​អមដោយ​ឯកឧត្តម​អគ្គលេខាធិការរង និង​មន្ត្រី​នាយកដ្ឋាន​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រតិភូ​តំណាង​ការិយាល័យ​ជលសា​ស្ត្រ នៃ​គណៈកម្មការ​ធនធានទឹក Changjaing ក្រសួង​ធនធានទឹក នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Wang Zhifei នាយករង​ការិយាល័យ​ជល​សាស្ត្រ​របស់​គណៈកម្មកា​រ​ធនធានទឹក Changjaing ។ 

​សូមជម្រាបថា កិច្ច​ជំនួប​ពិភាក្សា​ការងារ​នេះ បាន​ឈានដល់​ការយោគយល់​គ្នា​ដូចខាងក្រោម :
១/. មូលដ្ឋាន​ទស្សនទាន​សំខាន់ៗ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​ភាគី​ទាំងពីរ (​អាជ្ញាធរ​ទន្លេសាប និង​ការិយាល័យ​ជល​សាស្ត្រ​នៃ​គណៈកម្មការ​ធនធានទឹក Changjaing)
២/. ការចុះ​ទស្សនកិច្ច​សិក្សា​រួមគ្នា​ពិនិត្យ​ទីតាំង​អនុវត្ត​គម្រោង​នៅ​តំបន់​បឹង​ទន្លេសាប ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៤
៣/. ការត្រៀម​ចុះហត្ថលេខា​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា Letter of Intent for Cooperation in Hydro-meteological Monitoring and Management Capacity Building  in Tonle Sap Basin
៤/. ការធ្វើ​បច្ចុប្បន្នភាព​វេទិកា (​កម្មវិធី​ប្រព័ន្ធ​) សម្រាប់​គម្រោង “​ការសង្កេត និង​បញ្ជូន​ទិន្នន័យ​ធនធានទឹក​ក្នុង​អាង​ទន្លេសាប​” និង​ការបណ្តុះបណ្តាល ស្តីពី​ប្រតិបត្តិការ និង​ថែទាំ​ប្រព័ន្ធ​៕