ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ទស្សនកិច្ច​សិក្សា ក្រុមហ៊ុន​ផលិត​ដ្រូ​ន​នៅ​ទីក្រុង Wuxi នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

​នៅ​ថ្ងៃ​សុក្រ ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន អ​.​ទ​.​ស ធ្វេ​ី​ទស្សនកិច្ច​សិក្សា​នៅ ក្រុមហ៊ុន​ផលិត​ដ្រូ​ន  នាទី​ក្រុង Wuxi នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​សូម​ជម្រាបជូន​ថា តប​តាម​ការអញ្ជើញ​ផ្ទាល់​របស់​ក្រុមហ៊ុន​ក្នុង​ការធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​ក្នុងពេល​ឯកឧត្តម​កំពុង​ចូលរួម​សន្និសីទ​អន្តរជាតិ Taihu ស្តីពី​ការគ្រប់គ្រង​ទឹក​បឹង​Taihu ឯកឧត្តម​បានផ្តល់​កិត្តិយស​អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ធ្វេ​ី​ទស្សនកិច្ច​សិក្សា​នៅក្នុង​ក្រុមហ៊ុន និង​រោងចក្រ​ផ្ទាល់ ។​

​ការ​អ​ញ្ជើញ​ទស្សនកិច្ច​សិក្សា​នេះដែរ​គឺមាន​គោលបំណង ៖
១). សិក្សា​ស្វែងយល់​បច្ចេកវិទ្យា និង​ផលិតផល​ថ្មីៗ​របស់​ក្រុមហ៊ុន​ក្នុងការ​បំពេញតម្រូវកា​រ​ក្នុង​កិច្ចការពារ​ថែរក្សា​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
២). ពិភាក្សា​ពី​ការប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​AI (Artificial Intelligence) រួម និង​ដ្រូ​ន ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
៣). ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​កិច្ចសហការ​ណ៍​ការងារ​បន្ថែម​។​

​ជាមួយគ្នា​នោះដែរ  ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ប្រជុំពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដោយបាន​ធ្វើ​បទ​បង្ហាញ​រួម​ពី​គម្រោង​គាំពារ​អភិរក្ស​បឹង​ទន្លេសាប និង​បច្ចេកវិទ្យា​ថ្មីៗ​របស់​ក្រុមហ៊ុន  ពិភាក្សា​ពិគ្រោះ​យោបល់ ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ទៅវិញទៅមក​ក្នុង​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​បំផុត​។ 

​ទន្ទឹម​នោះដែរ​ក្រុមហ៊ុន​ក៏មាន​បំណង​ចង់​មក​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ការពារ​ពាក់ព័ន្ធ របស់​អាជ្ញាធរ​ទន្លេសាប ហើ​យ​ឯកឧត្តម​ក៏បាន​ស្នើថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ពេលវេលា​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នាពេលខាងមុខ​៕