នៅថ្ងៃពុធ ១២កើត ដល់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋាន អ.ទ.ស ចូលរួមសន្និសីទអន្តរជាតិ Taihu ស្តីពីការគ្រប់គ្រងទឹកបឹង (InConTaihu) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Wuxi នៃសាធារណៈរដ្ឋប្រជាមានិតចិន។
សូមជម្រាបជូនថា កម្មវិធីសន្និសីទអន្តរជាតិ លើប្រធានបទ "អាងបៃតង និងទឹកឆ្លាតវៃ" InConTaihu ស្វែងរកការកសាងសមត្ថភាពសម្រាប់សន្តិសុខទឹកនៅក្នុងអាងទឹក Taihu និងអាងទឹកផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានអាងទន្លេសាបផងដែរ។ សន្និសីទនេះមានប្រធានបទបច្ចេកទេសសំខាន់ៗមួយចំនួន ៦ នឹងមានវគ្គបទបង្ហាញជាច្រើនពីអ្នកវិទ្យាសាស្ត្រវ័យក្មេង។
គោលបំណងនៃសន្និសីទអន្តរជាតិនេះគឺ
• ផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយទាំងបញ្ហាប្រឈមទឹកជាប្រវត្តិសាស្ត្រ និងដែលកំពុងកើតមាននៅក្នុងបរិយាកាសផ្លាស់ប្តូរ
• ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការរកឃើញនៃការស្រាវជ្រាវ និងរួមចំណែកដល់ការពិភាក្សា ស្តីពីការគ្រប់គ្រងទឹកបឹងសម្រាប់អនាគតប្រកបដោយចីរភាព ពីអ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញទូទាំងពិភពលោក
• ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្រោមបញ្ហាប្រឈមជាច្រើន នៃសន្តិសុខទឹកនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល តូនី តំណាងឯកឧត្តមប្រធាន អ.ទ.ស ត្រូវបានបានអញ្ជើញចូលរួម ពិភាក្សាពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងអាងទន្លេសាប ការស្រាវជ្រាវ និងពិភាក្សាពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកជាមួយវាគ្មិនកិត្តិយសពីស្ថាប័នគ្រប់គ្រងអាងទឹកក្នុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងស្ថាប័នសិក្សាស្រាវជ្រាវជុំវិញពិភពលោកផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម និងប្រតិភូអគ្គលេខាធិការដ្ឋាន បានចូលរួមចុះធ្វើទស្សនកិច្ចសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រង ការស្តាឡើងវិញ និងការអភិវឌ្ឍន៍ បឹងថៃហ៊ូ (Taihu) ដែលប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍ខ្ពស់ នៅមន្ទីរពិសោធន៍ទឹក ស្ថានីយគ្រប់គ្រងទឹក និងមជ្ឍមណ្ឌលម៉ូដែលជលសាស្ត្រ។ ជាការឆ្លើយតបថ្នាក់ដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប រួមទាំងអ្នកជំនាញការបច្ចេកទេស ក្នុងការចួលរួមចែករំលែកបទពិសោធន៍ល្អៗក្នុងសន្និសីទអន្តរជាតិនេះ។
ផ្សារភ្ជាប់ដំណើរទស្សនកិច្ចនេះ ឯកឧត្តមមានជំនួបពិភាក្សាការងារជាមួយវិទ្យាស្ថានស្រាវជ្រាវជលសាស្ត្រណានជីង (NHRI)និងអាជ្ញាធរបឹងTaihu (TBA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រៀបចំមន្ទីរពិសោធន៍ទឹក ការងារសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលមន្ត្រីជំនាញ ជាមួយនឹងការរៀបចំចុះអនុសារណៈយោគយល់គ្នា(MOU)នាពេលខាងមុខផងដែរ ៕