លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ បន្ត​ចុះ​ផ្សព្វផ្សាយ ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង

​ខេត្តបាត់ដំបង​: ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម ការពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ផ្សព្វផ្សាយ ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​២ និង​តំបន់​៣ បឹង​ទន្លេសាប នៃ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។  

​សូម​ជម្រាបជូន​ថា វគ្គ​ផ្សព្វផ្សាយ​នេះ បានរៀបចំ​ឡើង​នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​ឬ​ស្សី​ក្រាំង ឃុំ​ជ្រៃ ឃុំ​តា​លាស់ ឃុំ​កកោះ និង​ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង សរុប​ចំនួន ១០៣ នាក់​។ 

​វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ផ្ដោត​សំខាន់​លើ ៖
- បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​។​
- សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។​
​សូមបញ្ជាក់ថា ខ្លឹមសារ​សំខាន់​នៃ​វគ្គ​ផ្សព្វផ្សាយ​នេះ បានបង្ហាញ​ពីសារ​:​សំខាន់​របស់​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក រួម​នឹង​វិធានការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ការចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់ បទបញ្ញត្តិ​នានា ដើម្បី​ធានា​ឱ្យបាន​នូវ​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ ព្រមទាំង ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានធម្មជាតិ ច្បាប់​ស្ដីពី​ជលផល និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ស្តីពី​ការកំណត់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើដី​រដ្ឋ ក្នុង​ដែនដី​តំបន់ទ្រនាប់​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២) ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់  បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ៕

​សូមបញ្ជាក់​ជូន​ផង​ដែលថា អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក  និង​សហការ សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់ បទដ្ឋាន​គតិយុត្តិ ព័ត៌មាន និង​ចំណេះដឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ តំបន់​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ប្ដេជ្ញា ថែរក្សា ការពារ​ធនធានធម្មជាតិ​បឹង​ទន្លេសាប ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕