លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​បន្ត​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បន្ត​ចុះ​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ ដោយបាន​ធ្វើការ​ជួបពិភាក្សា​ជាមួយ​តំណាង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ស្រុក​រលាប្អៀរ អាជ្ញាធរ​មូលដ្ឋាន  រួម​នឹង​សហគមន៍​នេសាទ​កោះ​កែវ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សូម​ជម្រាបជូន​ថា ការសិក្សា​នេះ បាន​ឃើញថា​បច្ចុប្បន្ន​ស​ម្ពា​ធ​នៃ​កំណើនប្រជាជន និង​ភាពក្រីក្រ​របស់​ប្រជាជន​ក្នុង​តំបន់​ជាប់​នឹង​បឹង​ទន្លេសាប បាន និង​កំពុង​ជះឥទ្ធិពល​មកលើ​ធនធានធម្មជាតិ​បឹង​ទន្លេសាប បង្កឡើង​នូវ​ទំនាស់​/​វិវាទ​ផលប្រយោជន៍ ក្នុងនោះ​រួមមាន សកម្មភាព​លបលួច​ទ​ន្ទ្រា​ន​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក (​ដី​តំបន់​២) តាម​រូបភាព​ដុត​រក​សត្វ ការដណ្ដើម​ទឹក​ស្រោចស្រព​លើ​វិស័យ​កសិកម្ម ដែល​លើស​ផែនការ និង​ការផ្គត់ផ្គង់​ទឹក ព្រមទាំង​ការប្រើប្រាស់​ថ្នាំ​បំពុល​សត្វល្អិត និង​ជីគីមី​កសិកម្ម​គ្មាន​ស្ដង់ដារ​បច្ចេកទេស​ត្រឹមត្រូវ រួម​នឹង​ការ​ចោល​កាកសំណល់ (​សម្បក​ថ្នាំ​/​ជីគីមី​) ចូលក្នុង​ប្រភពទឹក ពាល​វាល​ពាសកាល និង​សកម្មភាព​ការប្រើប្រាស់​នូវ​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាដើម ដែលជា​កត្តា​បង្កឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ និង​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សូមបញ្ជាក់​ជូន​ថាៈ សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន និង​ផ្សព្វផ្សាយ​បញ្ជ្រាប​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៨៣ (​ការកំណត់ និង​សិទ្ធិ​អាស្រ័យ​ផល​ដី​តំបន់​២) ក្នុង​គោលបំណង​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព ៕