ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បានទទួល​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ម៉ា​ស៊ី​ម៉ូ សារ​ទី ទីប្រឹក្សា​អន្តរជាតិ ផ្នែក​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ និង​ហានិភ័យ (VRA) និង​ការកំណត់​តំបន់​ក​សិ​-​អេកូឡូស៊ី (AEZ)

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អមដោយ​ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ម៉ា​ស៊ី​ម៉ូ សារ​ទី ទីប្រឹក្សា​អន្តរជាតិ អម​ជាមួយ​លោក វន សាវុធ ទីប្រឹក្សា​ជាតិ ផ្នែក​វាយតម្លៃ​ភាព​ងាយ​រងគ្រោះ និង​ហានិភ័យ (VRA) និង​ការកំណត់​តំបន់​ក​សិ​-​អេកូឡូស៊ី (AEZ) និង​លោក​បណ្ឌិត ហេង សុខ​ឆាយ សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​បាននិងកំពុង​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ធន់​នឹង​អាកាសធាតុ​នៃ​សហគមន៍​ផលិត​ស្រូវ​នៅ​តំបន់​បឹង​ទន្លេសាប (PCRL) ។​

​ឯកឧត្តម សរ គឹម​សាន្ត បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​តួនាទី​ភារកិច្ច និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ទន្លេ​សាប ដែល​បាននិងកំពុង​ធ្វើ​កន្លងមក ក៏ដូចជា​អំពី​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប​ផងដែរ​។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត ម៉ា​ស៊ី​ម៉ូ សារ​ទី មានការ​ចាប់អារម្មណ៍​ខ្លាំង លើ​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប និង​បាន​ជម្រាបជូន​អំពី​វិសាលភាព​នៃ​គម្រោង ក៏ដូចជា​ព័ត៌មាន​លម្អិត​នៃ​គម្រោង​របស់គាត់ ដែល​អាច​ផ្តល់នូវ​លទ្ធផល មាន​ប្រយោជន៍​សម្រាប់​សហគមន៍​កសិក​រ និង​លើ​ការវាយតម្លៃ​ភាព​ងាយ​រងគ្រោះ និង​ហានិភ័យ និង​លើ​តំបន់​ក​សិ​-​អេកូឡូស៊ី ក្នុង​ខេត្ត​ចំនួន​ប្រាំ នៅ​ជុំវិញ​បឹង​ទន្លេសាប​៕