ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ និង​វាយតម្លៃ​ការងារ​បោះបង្គោល​ព្រំ​តំបន់​៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប

​ចាប់ពី​ថ្ងៃ​ពុធ ១៤​កើត ដល់​ថ្ងៃអាទិត្យ ៣​រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ដល់​ថ្ងែ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​ប្រតិភូ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ការងារ​បោះបង្គោល​ព្រំ​តំបន់​៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដែលមាន​បង្គោល​សរុប​ចំនួន​១២២៤​បង្គោល មាន​ដូចខាងក្រោម ៖ 
១. ខេត្តកំពង់ឆ្នាំង មាន​ចំនួន ២១៥ បង្គោល​
២.​ខេត្តពោធិ៍សាត់ មាន​ចំនួន ១៤៦ បង្គោល​
៣.​ខេត្តបាត់ដំបង មាន​ចំនួន ១៧១ បង្គោល​
៤.​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ៤៧ បង្គោល​
៥.​ខេត្តសៀមរាប មាន​ចំនួន ២៩៩ បង្គោល​
៦.​ខេត្តកំពង់ធំ មាន​ចំនួន ៣៤៦ បង្គោល​។​

​ជារួម​ការងារ​បោះបង្គោល​ព្រំ​តំបន់​៣ ចំនួន ១២២៤ បង្គោល នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប បានបញ្ចប់​តាម​ផែនការ​ការងារ​ដែល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ ២០២៤ នេះ ១០០%​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​គាំទ្រ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទាន់ពេលវេលា និង​អនុវត្តតាម​សេចក្តីជូនដំណឹង​លេខ ១៨៨ សជណ​.​ដប ចុះ​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ដើម្បី​រៀបចំ​ផែនការ​ការងារ​ចុះ​បោះបង្គោល​ឱ្យបាន​រួចរាល់​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៤ ។ ដូច​អ្វីដែល​បាន​រំពឹងទុក ក្រុមការងារ​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​តាម​ជំ​ហ៊ាន​ទាំង​ថ្ងៃ ទាំងយប់​ពេលខ្លះ ទោះ​មាន​ឧបសគ្គ​ច្រើន​យ៉ាងណា ក៏​ក្រុមការងារ​ខិតខំ​បំពេញ និង​ដោះស្រាយ សម្របសម្រួល​រហូត​ឈានដល់​សម្រេចបាន​ជោគជ័យ​១០០% និង​ត្រៀម​អនុវត្តន៍​ការងារ​បន្ត សម្រាប់​ការងារ​បោះបង្គោល​ជំ​ហ៊ាន​២ តំបន់​កាត់​ឆ្វៀល តំបន់​១ និង​តំបន់​២ ដែល​ស្ថិតនៅក្នុង​តំបន់​៣(​បង្គោល​ឃ្លុំ​) ក្នុង​ឆ្នាំ ២០២៥៕