ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​២(​តំបន់​ស្នូល​ព្រែក​ទាល់​) ខេត្តបាត់ដំបង

​នា​ថ្ងៃ​សុក្រ ១​រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ដ អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន អង្គភាព​ជំនាញ​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ស្រុក ឃុំ កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ចុះ​សិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​២ (​តំបន់​ស្នូល​ព្រែក​ទាល់​) ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

​ការសិក្សា​ស្វែងយល់​នេះ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប លោក លោកស្រី ជា​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន រដ្ឋបាល​ជលផល គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អង្គការ  FACT មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្តបាត់ដំបង កងកម្លាំង​ទាំង​៣​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឯក​ភ្នំ អាជ្ញាធរ​ឃុំ​កោះ​ជី​វាំង ខណ្ឌ​ជលផល​-​ផ្នែក​ជលផល​-​សង្កាត់​ជលផល​ព្រែក​ទាល់ សហគមន៍​នេសាទ ប្រជា​សហគមន៍ មាន​ចំនួន​សរុប ៥១ នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អគ្គលេខាធិការ​បាន​ជម្រាបជូន​ប្រតិភូ​អំពី​បេសកកម្ម​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ក្នុងការ​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ និង​សក្តានុពល​ក្នុង​តំបន់​បឹង​ទន្លេសាប ដែលជា​ប្រភព​ផ្តល់នូវ​ធនធាន​ជលផល ដែល​បាន និង​កំពុង​រង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ ទឹក​បឹង​ទន្លេសាប​គោក​រាក់​នៅ​រដូវប្រាំង និង​កំណើន​ប្រជាពលរដ្ឋ​ជាដើម ដែល​មូលហេតុ​ទាំងនេះ​បង្ក​ឱ្យ​ផល​ស្តុក​ធនធាន​ជលផល​ធ្លាក់ចុះ និង​ប៉ះពាល់​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។ 

​ដោយឡែក តំបន់​អភិរក្ស​ជលផល​ដែលជា​អតីត​ឡូត៍​នេសាទ​លេខ​២ (​តំបន់​ស្នូល​ព្រែក​ទាល់​) នេះ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​លុបចោល​តាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ចុះ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១២ ដែលមាន​ផ្ទៃដី​ទំហំ ៥០ ១៣៤ ហិកតា លាតសន្ធឹង​ក្នុងស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ តំបន់​អភិរក្ស​ជលផល​នេះ មាន​លក្ខណៈ​សមស្រប​ស​ម្រា​ប់​ជា​កន្លែង​ជួយ​ថែរក្សា​ពូជ​មច្ឆជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ដើម្បី​ជួយ​បង្កើន​បរិមាណ​ផល​ស្តុក​ជលផល ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។ 

​សូមជម្រាបថា ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ ថែរក្សា និង​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប ជាពិសេស​ការលើក​យក​នូវ​អនុសាសន៍ និង​សេចក្តីអំពាវនាវ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច​មហា​ប​វរ​ធិបតី នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ ចំពោះ​វិធាន​ការចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ចូលរួម​ថែរក្សា និង​ការពារ​បឹង​ទន្លេសាប គឺជា​ការចូល​រួមរក្សា​ធនធាន​ជលផល និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​សន្តិសុខ​ទឹក​សម្រាប់​ការប្រើប្រាស់ និង​ស្រោចស្រព ព្រមទាំង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។​

​សូមបញ្ជាក់ថា ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​អភិរក្ស​ជលផល​ក្នុង​តំបន់​បឹង​ទន្លេសាប ត្រូវមាន​កិច្ចសហការ​ចូលរួម​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ពី​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ក្នុងការ​ចាត់វិធានការ​ការពារ ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​ដើម្បី​ធានាបាន​នូវ​ភាព​សម្បូរបែប​នៃ​ធនធាន​ជលផល ក៏ដូចជា​ប្រភេទ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ និង​សម្រេចបាន​នូវ​ការថែរក្សា ការបង្កើន​ផល​ស្តុក​សម្រាប់​ប្រើប្រាស់​យូរអង្វែង ព្រមទាំង​ធានាបាន​នូវ​ប្រភព​ប្រូ​តេ​អ៉ី​ន និង​ជីវភាព​រស់នៅ​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕