នាថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Bordeaux ប្រទេសបារាំង ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងមហាសន្និបាតពិភពលោក និងចូលរួមធ្វើជាអ្នកសម្របសម្រួលលើប្រធានបទ «កិច្ចសហប្រតិបត្តិការឆ្លងដែនរបស់ទន្លេ និងការគ្រប់គ្រង នៃគុណភាពទឹក» ក្នុងមហាសន្និបាតពិភពលោកស្តីពី ការគ្រប់គ្រងអាងទន្លេ (World General Assembly on Basin Management) ដែលរៀបចំដោយ International Network of Basin Organization (INBO) លើប្រធានបទធនធានទឹក និងការប្រែប្រួលអាកាសធាតុ៖ តើការគ្រប់គ្រងអាងទន្លេដោយបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុត្រូវធ្វើដោយរបៀបណា? ។
សូមជម្រាបថា ក្នុងមហាសន្និបាតទឹកពិភពលោកនេះនៅ Session ដែលនិយាយលើប្រធានបទ « កិច្ចសហប្រតិបត្តិការឆ្លងដែនរបស់ទន្លេ និងការគ្រប់គ្រង នៃគុណភាពទឹក » ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ បានចូលរួមធ្វើជាអ្នកសម្របសម្រួលដែលមកពីប្រទេសកម្ពុជា និងចូលរួមពីវាគ្មិនចំនួន ៩ រូប ដែលមកពីប្រទេសបារាំង ប្រទេសកាណាដា ប្រទេស Mexico ប្រទេសអាមេរិកខាងត្បូង ប្រទេសប្រេស៊ីល ប្រទេសអាហ្វ្រិច និងសហគមន៍អ៉ឺរ៉ុប។
មហាសន្និបាតពិភពលោកនេះគឺជាឱកាសដ៏សំខាន់មួយ ដោយរំលឹកដល់ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ INBO ក្នុងរយៈពេល ៣ ទសវត្សរ៍ក្នុងការតស៊ូមតិសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះនៅកម្រិតអាងទន្លេ។ សន្និបាតនេះ ក៏បម្រើជាឱកាសពិសេសមួយសម្រាប់អ្នកពាក់ព័ន្ធចម្រុះដែលចាប់អារម្មណ៍លើការគ្រប់គ្រងធនធានទឹកអាង - រដ្ឋបាលជាតិ អង្គការអាង (ទាំងជាតិ និងឆ្លងដែន) ស្ថាប័នបច្ចេកទេស គណៈកម្មការតំបន់ ទីភ្នាក់ងារ ផ្តល់មូលនិធិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងច្រើនទៀត - ដើម្បីរួមគ្នា និងចែករំលែកបទពិសោធន៍៕