ខេត្តពោធិ៍សាត់: ដើម្បីធានាដល់ការការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក តំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបន្តចុះផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើង នាថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលបានអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោកអភិបាលរងស្រុកកណ្តៀង ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រឃុំរាំងទិល ឃុំស្រែស្ដុក ឃុំកណ្ដៀង ឃុំស្យា និងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សរុបចំនួន ១៤៨ នាក់។
សូមជម្រាបជូនថា សម្រាប់វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ដោតសំខាន់លើ ៖
- បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
- សំដៅធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។
ខ្លឹមសារសំខាន់នៃវគ្គផ្សព្វផ្សាយនេះ បានបង្ហាញពីសារ:សំខាន់របស់បឹងទន្លេសាប ព្រៃលិចទឹក រួមនឹងវិធានការការពារធនធានធម្មជាតិ ដោយការចូលរួមក្នុងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបាននូវការការពារ ថែរក្សា និងគ្រប់គ្រងធម្មជាតិ ជីវចម្រុះ ធនធានជលផល ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ នៃបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ ព្រមទាំង ខ្លឹមសារដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីការកំណត់សិទ្ធិប្រេីប្រាស់ និងអាស្រ័យផលលេីដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
សូមបញ្ជាក់ជូនផងដែលថា អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងសហការ សម្របសម្រួលជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្តិ ព័ត៌មាន និងចំណេះដឹងដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទ តំបន់បឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្ដេជ្ញា ថែរក្សា ការពារធនធានធម្មជាតិបឹងទន្លេសាប ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ៕