នាថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសរបស់ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ពីសក្ដានុពល និងការគ្រប់គ្រងតំបន់អភិរក្សជលផលដីរនាត ស្ថិតក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងដំណើរបេសកកម្មនេះក្រុមការងារបាន៖
១. ជួបពិភាក្សា ស្វែងយល់ និងប្រមូលព័ត៌មាន-ទិន្នន័យពីមន្ត្រីជំនាញជលផល អាជ្ញាធរដែនដី សហគមន៍នេសាទ និងកម្លាំងចម្រុះដែលប្រចាំការក្នុងតំបន់អភិរក្ស
២. ជួបសម្ភាសន៍ជាមួយប្រជានេសាទ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន-ទិន្នន័យ ពីបម្រែបម្រួលផលនេសាទ និងការចូលរួមគ្រប់គ្រង ការពារ ធនធានជលផលនៅក្នុងតំបន់អភិរក្ស
៣. ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលដីរនាត
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្វែងយល់ពីសក្ដានុពល និងការគ្រប់គ្រងតំបន់អភិរក្សជលផលក្នុងបណ្តាខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្ត នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង
- សិក្សាស្វែងយល់ពីស្ថានភាពទូទៅរបស់តំបន់អភិរក្សជលផល
- ស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ និងដំណោះក្នុងការគ្រប់គ្រង តំបន់អភិរក្សជលផល
- វិភាគស៊ីជម្រៅលើបញ្ហាប្រឈម ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងតំបន់អភិរក្សជលផល ដើម្បីផ្ដល់ជម្រើសដំណោះស្រាយសមស្រប៕