ចាប់ពីថ្ងៃសុក្រ ១១កើត ដល់ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡូញ ណារិន្ន ប្រធានការិយាល័យកសិកម្មចម្រុះ និងមន្ត្រីបច្ចេកទេសនៃអាជ្ញាធរទន្លេសាប បានទៅចូលរួមសិក្ខាសាលាស្តីពី “រួមបញ្ចូលគ្នាលើការគ្រប់គ្រងធនធានទឹក (Integrated Water Resources Management)” នៅទីក្រុង Hangzhou ខេត្ត Zhejiang ទីក្រុង Nanjing ខេត្ត Jiangsu និងទីក្រុង Beijing នៃសាធារណៈរដ្ឋប្រជាមានិតចិន។ វគ្គសិក្ខាសាលានេះ រៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវជាតិសម្រាប់អគ្គិសនីជនបទ, ក្រសួងធនធានទឹក (MWR) សាធារណៈរដ្ឋប្រជាមានិតចិន, មជ្ឈមណ្ឌលតំបន់ Hangzhou (អាស៊ីប៉ាស៊ីហ្វិក) សម្រាប់ថាមពលវារីអគ្គិសនីខ្នាតតូច (HRC) និងសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ឡានឆាង-មេគង្គ ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល ដែលមានការចូលរួមពី មន្ត្រីរាជរដ្ឋាភិបាល វិទ្យាស្ថានសិក្សា ក្រុមសាស្ត្រាចារ្យ អ្នកជំនាញការ អ្នកបច្ចេកទេស អ្នកស្រាវជ្រាវ ស្ថាប័នជំនាញពាក់ព័ន្ធ និងបណ្តាប្រទេសផ្សេងៗសរុបចំនួន ៣២ រូប ដូចជា ៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ។ ក្នុងនោះ សិក្ខាកាមក៏បានចូលរួមសន្និសីទ សប្តាហ៍ទឹកអន្តរជាតិអាស៊ីលើកទី ៣ (3rd Asia International Water Week) ក្រោមប្រធានបទ ការលើកកម្ពស់សុវត្ថិភាពទឹកនាពេលអនាគតរបស់យើង (Enhancing Our Future Water Security) ដែលបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិប៉េកាំង ក្នុងទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនោះ វគ្គសិក្ខាសាលាខាងលើក៏មានការចុះធ្វើ ទស្សនៈកិច្ចសិក្សាស្វែងយល់បន្ថែមនៅតាមក្រុមហ៊ុន តំបន់ប្រវត្តិសាស្ត្រ និងសាកលវិទ្យាល័យហូហៃ ផងដែរ ។
សិក្ខាសាលានេះមានគោលបំណង៖
(១) ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់ប្រទេសក្នុងតំបន់មេគង្គឡានឆាង
(២) ការរៀបចំផែនការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹក
(៣) ដំណើរការបច្ចេកវិទ្យា និងភាពធន់របស់សំណង់មេក្បាលហុង
(៤) ការផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងធនធានទឹកចម្រុះរបស់ប្រទេសនីមួយៗ
(៥)ពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកនៃតំបន់មេគង្គឡានឆាងដែលមានន័យខ្លីថា «ផឹកទឹកទន្លេតែមួយ ដូចគ្រួសារតែមួយ» ៕