កាលពីថ្ងៃពុធ ៨រោច ដល់ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិបានបន្តចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ និងដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើលើ ៖
១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សាខាងលើ ។
២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផលនៅរដូវវស្សា ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រដងស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ និងដងស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា
- បច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្ត្រធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា)
- វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូត៍ដាយត្រី និងតំបន់ពាក់ព័ន្ធ
- វាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្ត្ររបស់ត្រី និងក្រៅពីត្រី ៕