នាថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេសការិយាល័យសម្របសម្រួលវិវាទ នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះអនុវត្តសកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ ដោយបានធ្វើការជួបពិភាក្សាជាមួយតំណាងអង្គភាពជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុកបាកាន អាជ្ញាធរមូលដ្ឋាន រួមនឹងសហគមន៍នេសាទរបងរមាស ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សូមជម្រាបជូនថា បច្ចុប្បន្នសម្ពាធនៃកំណើនប្រជាជន និងភាពក្រីក្ររបស់ប្រជាជនក្នុងតំបន់ជាប់នឹងបឹងទន្លេសាប បាននិងកំពុងជះឥទ្ធិពលមកលើធនធានធម្មជាតិបឹងទន្លេសាប ក្នុងនោះរួមមាន៖ សកម្មភាពលបលួចទន្ទ្រានដីព្រៃលិចទឹក ការដណ្ដើមទឹកស្រោចស្រពលើវិស័យកសិកម្ម ដែលលើសផែនការ និងការផ្គត់ផ្គង់ទឹក ព្រមទាំង ការប្រើប្រាស់ថ្នាំបំពុលសត្វល្អិត និងជីគីមីកសិកម្មគ្មានស្ដង់ដារបច្ចេកទេសត្រឹមត្រូវ រួមនឹងការចោលកាកសំណល់ (សម្បកថ្នាំ/ជីគីមី) ចូលក្នុងប្រភពទឹក ពាលវាលពាសកាល និងសកម្មភាពការប្រើប្រាស់នូវប្រភេទឧបករណ៍នេសាទខុសច្បាប់ជាដើម ដែលជាកត្តាបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ជូនថាៈ សកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្នន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញយកធនធានធម្មជាតិ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព ៕