លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​បាឡត ស្ថិតនៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ

​នា​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី បច្ចេកទេស​របស់​នាយ​ក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​បាឡត ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ក្រុមការងារ​បាន​៖ 
១. ជួបពិភាក្សា ស្វែងយល់ និង​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ​ពី​មន្ត្រី​ជំនាញ​ជលផល អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន សហគមន៍​នេសាទ និង​កម្លាំងចម្រុះ​ដែល​ប្រចាំការ​ក្នុង​តំបន់​អភិរក្ស​
២. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ ដើម្បី​ស្វែងយល់ និង​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ ពី​បម្រែបម្រួល​ផល​នេសាទ និង​ការចូលរួម​គ្រប់គ្រង ការពារ ធនធាន​ជលផល​នៅក្នុង​តំបន់​អភិរក្ស​
៣. ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​តំបន់​អភិរក្ស​ជលផល​បាឡត​។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​ក្នុង​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង 
- សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​របស់​តំបន់​អភិរក្ស​ជលផល​
- ស្វែងយល់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ និង​ដំណោះ​ក្នុងការ​គ្រប់គ្រង តំបន់​អភិរក្ស​ជលផល​
- វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល ដើម្បី​ផ្ដល់​ជម្រើស ដំណោះស្រាយ​សមស្រប​៕