ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន ចុះ​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​៦ (​បឹង​ទន្លេ​ឆ្មារ​) ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ

​នា​ថ្ងៃ​សុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  និង​លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង ស្ថាប័ន អង្គភាព​ជំនាញ​ថ្នាក់ក្រោម អាជ្ញាធរ​ស្រុក ឃុំ កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ចុះ​សិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​៦ (​បឹង​ទន្លេ​ឆ្មារ​) ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម បាន​ជម្រាបជូន​ប្រតិភូ និង​អង្គប្រជុំ​អំពី​បេសកកម្ម​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ក្នុងការ​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ និង​សក្តានុពល​ក្នុង​តំបន់​បឹង​ទន្លេសាប ជាពិសេស​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ ដែលជា​ប្រភព​ផ្តល់​ធនធាន​ជលផល​ដល់​បឹង​ទន្លេសាប ដែល​បាន និង​កំពុង​រង​ការគំរាមកំហែង​នាពេល​បច្ចុប្បន្ន ដូច​ជាការ​បម្រែបម្រួល​អាកាសធាតុ បណ្តាលឱ្យ​ទឹក​បឹង​ទន្លេ​ឆ្មារ​គោក​រាក់​នៅ​រដូវប្រាំង និង​កំណើន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស បង្ក​ឱ្យ​ផល​ស្តុក​ធនធាន​ជលផល​ធ្លាក់ចុះ និង​ផលប៉ះពាល់​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។​

    ជាមួយនេះដែរ ឯកឧត្តម ក៏បាន​លើក​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ ថែរក្សា និង​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប ជាពិសេស​ការលើក​យក​នូវ​អនុសាសន៍ និង​សេចក្តីអំពាវនាវ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២៤ ចំពោះ​វិធាន​ការចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ចូលរួម​ថែរក្សា និង​ការពារ​បឹង​ទន្លេសាប គឺជា​ការចូល​រួមរក្សា​ធនធាន​ជលផល និង​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​សន្តិសុខ​ទឹក​សម្រាប់​ការប្រើប្រាស់ និង​ស្រោចស្រព ព្រមទាំង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។​

​ការចុះ​សិក្សា​ស្វែងយល់​នៅ​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​លេខ​៦(​បឹង​ទន្លេ​ឆ្មារ​) នេះ​ជា​បេសកកម្ម​លើក​ទី​៤ របស់​ក្រុម​ប្រតិភូ​អន្តរក្រសួង និង​អង្គការ​អន្តរជាតិ ក្នុង​តំបន់​បឹង​ទន្លេសាប ដែល​តំបន់​អភិរក្ស​ជលផល​នេះ ដែលមាន​ផ្ទៃដី ៨៣២៥ ហិកតា  និង​មាន​បង្គោល​ការពារ​ដែន​អភិរក្ស​បាន​ចំនួន ៣៣​បង្គោល​។ តំបន់​អភិរក្ស​ជលផល​នេះ មាន​លក្ខណៈ​សមស្រប​ស​ម្រា​ប់​ជា​កន្លែង​ជួយ​ថែរក្សា​ពូជ​មច្ឆា​ជាតិ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ដើម្បី​ជួយ​បង្កើន​បរិមាណ​ផល​ស្តុក​ជលផល ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។ 

​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​តំបន់​អភិរក្ស​ក្នុង​តំបន់​ទន្លេសាប កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ អាជ្ញាធរ​ទន្លេសាប បានចេញ​លិខិត​ជម្រាប​ជូនទៅ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ចូលរួម​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​ក្នុងការ​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​ឆ្នាំ​២០២៤ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធានាបាន​នូវ​ភាពសម្បូរ នៃ​ធនធាន​ជលផល ជាពិសេស​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​អាចមាន​ទីជម្រក និង​សម្រេចបាន​នូវ​ការថែរក្សា និង​បង្កើន​ផល​ស្តុក​សម្រាប់​ប្រើប្រាស់​យូរអង្វែង ព្រមទាំង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ និង​ធានាបាន​នូវ​ប្រភព​ប្រូ​តេ​អ៉ី​ន និង​ជីវភាព​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​៕