ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​អនុវត្តន៍​សកម្មភាព​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​ប

​នា​ថ្ងៃ​អង្គារ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ៤​រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖ 
១/. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី​
២/. សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
៣/. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី  ត្រី​នុយ និង​សិប្បីសត្វ​
៤/. ជួប​សម្ភាសន៍​ជាមួយ​អ្នក​ចឹ​ញ្ចឹ​ម​ត្រី ។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​បាន​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​រកឃើញថា ៖
- ស្ថានភាព​ភូមិសាស្ត្រ​នៅ​ភូមិ​ព្រែក​ទាល់ នៅ​ខែកញ្ញា ឆ្នាំ​២០២៤ ទឹកបាន​លិច​ព្រៃ​លិច​ទឹក ដោយយោង​លើ​ស្ថានីយ៍ ព្រែក​ទាល់ (​តំបន់​ស្នូល​) មាន​កម្ពស់​ទឹក​ប្រែប្រួល​ពី ១.៨១ ទៅ ៥.១១ ម៉ែត្រ និង​កម្ពស់​ទឹកជា​មធ្យម ៣.៧៩ ម៉ែត្រ  ។​
- មានផ្ទះ ឬ ស្តង់​ចាំ​ទទួល​ទិញ និង​លក់​ត្រី​សរុប​ប្រមាណ ៣៨ ផ្ទះ (​ធំ ៨​ផ្ទះ និង​តូច ៣០​ផ្ទះ​) ដោយមាន​ការធ្វើ​អាជីវកម្ម​ត្រី​ជា​មធ្យម​ប្រមាណ ៣.៩​តោន​/​ថ្ងៃ និង​មាន​បរិមាណ​សរុប​ប្រមាណ ១៩.៥ តោន​/៥​ថ្ងៃ ។ តម្លៃ​ត្រី​៖ ប្រភេទ​ត្រី​លេខ​១ មានតម្លៃ​ចន្លោះ​ពី ១០.០០០ រហូតដល់ ៣០.០០០ រៀល​/​គ​.​ក្រ ប្រភេទ​ត្រី​លេខ​២ មានតម្លៃ​ចន្លោះ​ពី ៥.០០០ រហូតដល់ ១០.០០០ រៀល​/​គ​.​ក្រ និង​ប្រភេទ​ត្រី​លេខ​៣ មានតម្លៃ​ចន្លោះ​ពី ២.០០០ រហូតដល់ ៥.០០០ រៀល​/​គ​.​ក្រ ។​
-  មាន​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​ជា​មធ្យម​មាន​បរិមាណ​ប្រមាណ ១.៦ តោន​/​ថ្ងៃ និង​មាន​បរិមាណ​សរុប​ប្រមាណ ៨ តោន​/៥​ថ្ងៃ មានតម្លៃ​ទិញ​ចូល និង​លក់​ចេញ​វិញ​ចន្លោះ​ពី ៨០០ ទៅ ២.០០០ រៀល​/​គ​.​ក្រ ។​
-  នៅពេល​ចុះ​សិក្សា​មិនមាន​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​ដូចជា ពពួក​លៀស ខ្យង និង​ខ្ចៅ​នោះទេ ។​
-  ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ មាន​ប្រភព​មកពី​ការនេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដូចជា បរ របាំង​ស្បៃ​មុង មង​រាយ  សន្ទូចរនង ឡើ​រ និង​សៃយ៉ឺន​នៅក្នុង​បឹង​ទន្លេសាប តាម​ព្រៃ​លិច​ទឹក និង​តាម​ស្ទឹង ។ 
-  ចំពោះ​ផ្ទះ ឬ ស្តង់​ធំៗ​ចាំ​ទទួល​ទិញ​ត្រី​ជាប្រចាំ និង​ដឹក​ត្រី​ទៅ​លក់​នៅ​កន្លែង​បែងចែក​ផល​នេសាទ​នៅ​តំបន់​ចុង​ឃ្នៀ​ស​នៃ​ខេត្តសៀមរាប​ជា​រៀងរាល់ថ្ងៃ ។ រីឯ​ផ្ទះ ឬ ស្តង់​តូចៗ ទិញ​ត្រី​បាន​បរិមាណ​តិច ដោយ​ទុក​រយៈពេល​ពី ២ ទៅ ៣ ថ្ងៃ បាន​ដឹក​ទៅ​លក់​កន្លែង​ឡើង​ត្រី​ភូមិ​ពាម​តា​អ៊ួ​រ ឃុំ​កែវ​ពណ៌ ស្រុក​ពួក និង​ទៅ​លក់​នៅ​កន្លែង​បែងចែក​ផល​នេសាទ​នៅ​តំបន់​ចុង​ឃ្នៀ​ស​នៃ​ខេត្តសៀមរាប ។ ចំពោះ​តម្លៃ​ត្រី ឈ្មួញ​អ្នក​ចាំ​ទទួល​ទិញ​ត្រី​បន្ត​ជា​អ្នក​អោយ​តម្លៃ​ភ្លាមៗ​ទៅតាម​ហាងឆេង និង​គុណភាព​ផលិតផល​របស់​ពួកគាត់​ជាក់ស្តែង ។ ឈ្មួញកណ្តាល​អាច​លក់រាយ ឬ លក់ដុំ​ក្នុង​តំបន់​ភ្លាមៗ​បើ​មាន​អ្នកទិញ និង​ត្រូវ​តម្លៃ​គ្នា ។​
-  ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តបាត់ដំបង នា​រដូវ​ទឹក​តំឡើង​នៅ​ខែកញ្ញា បានផ្តល់​ផល​អវិជ្ជមាន​ដូចជាៈ បណ្តាលអោយ​បាត់បង់​ពពួក​កូន​ត្រី​ទើបនឹង​ញាស់ កូន​ត្រី​មាន​ទំហំ​តូចៗ និង​ត្រី​មេ​ពូជ​មាន​ពង​ក្នុង​ពោះ​នៅឡើយ ជាពិសេស​ការប្រើប្រាស់​ឧបករណ៍​នេសាទ​បរ និង​របាំង​ស្បៃ​មុង​ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ។ នៅពេល​ការនេសាទ​ត្រី​ធម្មជាតិ​ធ្លាក់ចុះ ប្រជាជន​នឹង​ងាក​ទៅ​ចិញ្ចឹម​ត្រី​តាម​បែរ​នៅតាម​ភូមិ​បណ្តែត​ទឹក​នៃ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ធ្វើអោយមាន​តម្រូវការ​ត្រី​នុយ​ធម្មជាតិ​កាន់តែ​ខ្ពស់ ដូចនេះ​ប្រជា​នេសាទ​កាន់តែ​ពង្រីក​ការនេសាទ​ខុសច្បាប់​បន្ថែមទៀត​ជាមិនខាន ។ ជាពិសេស​បំផុត គឺ​តម្លៃ​ត្រី​ធម្មជាតិ​មានតម្លៃ​កើន​ខ្ពស់​ខុសពី​ឆ្នាំមុនៗ ។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​បណ្តា​ខេត្ត​ទាំង ៦ និង​តំបន់​ពាក់ព័ន្ធ​ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​
- សិក្សា​អំពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ធ្វើ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ និង​ផល​ប៉ះ​ផល​នៃ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ៕