កិច្ចប្រជុំ​ពិភាក្សា​ការងារ​លើក​ទី​១ របស់​ក្រុមការងារ​បច្ចេកទេស ដើម្បី​កំណត់​រៀបចំ ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហប្រតិបត្តិការ​ជំនួយ​គាំទ្រ​ពី​ធនាគារពិភពលោក​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​១ ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដើម្បី​ស្តាប់​បទ​បង្ហាញ​បច្ចេកទេស​ការងារ របស់​ទីប្រឹក្សាបច្ចេកទេស​អន្តរជាតិ ដែល​ធនាគារពិភពលោក​បានជ្រើសរើស​ឱ្យជួយ​កិច្ចការ​បច្ចេកទេស​ដល់​អាជ្ញាធរ​ទន្លេសាប ក្នុង​ដំណើរ​ការរៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ឆ្នាំ​២០២៤-២០២៦​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប ទទួលបាន​កិច្ចសហការ​គាំទ្រ​ពី​ធនាគារពិភពលោក (WB), ក្រសួងការបរទេស និង​ពាណិជ្ជកម្ម (DFAT) និង​អង្គការ​ភាពជា​ដៃគូ​ទឹក​អូស្ត្រាលី (AWP) ដើម្បី​កំណត់​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ឆ្នាំ​២០២៤-២០២៦៕